ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានដឹកនាំកិច្ចប្រជុំជាមួយប្រធានមន្ទីរ ២៥ រាជធានី-ខេត្ត ចំណុះឲ្យក្រសួង ស្តីពីការពង្រឹងរបៀបរបបការងារ នាព្រឹកថ្ងៃច័ន ១១រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២១ ខែមករា ឆ្នាំ២០២០ នៅសណ្ឋាគារសុខាភ្នំពេញ មុននឹងចាប់ផ្តើមបើកសន្និបាតបូកសរុបលទ្ធផលឆ្នាំ ២០១៩ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២០ របស់ក្រសួង ។
ថ្លែងក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានអបអរសាទរចំពោះលទ្ធផលដែលគ្រប់មន្ទីរក្រោមឱវាទសម្រេចលទ្ធផលបានតាមផែនការដែលក្រសួងបានដាក់ឲ្យអនុវត្ត ។ លោកជំទាវក៏បានបន្តទៀតថា ៖ ឆ្លងកាត់ តាមរយៈ ការទទួលបានជោគជ័យនៃការធ្វើការចុះអង្កេតស្រាវជ្រាវបណ្តឹងចំនួន ២ខេត្ត គឺនៅខេត្តព្រះសីហនុ និងនៅខេត្តបន្ទាយមានជ័យ បន្ទាប់ពីបានទទួលបានចំណារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចុះអនុវត្ត គឺយើងទទួលបានលទ្ធផលគួរជាទីមោទនៈ ក្រោមការសម្របសម្រួលដោយឈរលើគោលនយោបាយឈ្នះ ឈ្នះ ដោយបានបញ្ចប់ទំនាស់បានទាំងពីរករណីនេះ ។
លោកជំទាវក៏បានផ្តាំផ្ញើរឲ្យប្រធានមន្ទីរទាំងអស់ត្រូវ ៖
១. ពង្រឹងកិច្ចសហប្រតិបត្តិការរវាងមន្ទីរ និងគណៈអភិបាលខេត្ត ក៏ដូចជាមន្ទីរនានានៅក្នុងខេត្តផងដែរ។
២. គ្រប់ប្រធានមន្ទីរទាំងអស់ត្រូវធ្វើការងារដោយប្រយ័ត្នប្រយែង ដោយស្មារតីទទួលខុសត្រូវខ្ពស់។
៣. ក្នុងនាមជាមន្ត្រីរាជការត្រូវពង្រឹងសម្តភាពផ្ទាល់ខ្លួនបន្តែមទៀត ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេស ក្នុងនាមជាសេនាធិការឲ្យគណៈអភិបាលខេត្ត និងក្រសួង។
៤. អនុវត្តតាមផែនការ គោលការណ៍ និងការណែនាំរបស់គណៈអភិបាលខេត្ត ៕