ខេត្តស្វាយរៀង៖ ឯកឧត្តមបណ្ឌិត កែរ រដ្ឋា បានដឹកនាំក្រុមគ្រូពេទ្យរបស់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងចំនួន ១៦នាក់ ចូលរួមផ្លាស់វេនក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែករមាសហែក ដែលកំពុងព្យាបាលក្នុងមណ្ឌលព្យាបាលកូវីដ-១៩ ក្រុងបាវិត ត្រូវបញ្ចប់ភារកិច្ច ១៤ថ្ងៃ នៅថ្ងៃនេះ ។
ចូលរួមអមដំណើរមាន លោក វណ្ណ សុមុន្នី អភិបាលរងក្រុងបាវិត តំណាងលោក លឹម សៀមហេង អភិបាលក្រុងបាវិត លោកវេជ្ជបណ្ឌិត ជ័យ ចាន់ថន ប្រធានមន្ទីរពេទ្យបង្អែករមាសហែក លោកវេជ្ជបណ្ឌិត អន សុភី អនុប្រធានមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង លោកវេជ្ជបណ្ឌិត ប្រាក់ សម្បត្តិ ប្រធានមន្ទីរពេទ្យបង្អែកជីភូ និងលោកវេជ្ជបណ្ឌិត អុឹម បុត្រ ប្រធានផ្នែកចត្តាឡីស័ក ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានឧបត្តម្ភ ទឹកដោះឆៅ ២០ឡូ និង ទឹកសុទ្ធ ២០កេស ជូនក្រុមគ្រូពេទ្យទាំង ២ក្រុម ហើយនិងឧបត្តម្ភសមត្ថកិច្ច ៤នាក់ ម្នាក់ៗទទួលបានថវិកា ៥មុឺនរៀល ។
ឯកឧត្តមបណ្ឌិត កែរ រដ្ឋា បញ្ជាក់ថា នៅក្រុងបាវិត មានកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩មួយកន្លែង មានឈ្មោះថាមណ្ឌលព្យាបាលកូវីដ-១៩ ក្រុងបាវិត ។ ចំពោះក្រុមគ្រូពេទ្យព្យាបាលនៅក្នុងមណ្ឌលព្យាបាលនេះ មន្ទីរសុខាភិបាលបានចល័តពីមន្ទីរពេទ្យផ្សេងៗក្នុងខេត្តមកជួយ ដោយប្តូរវេនវិលជុំ១៤ថ្ងៃម្តង ។
ជាក់ស្ដែងថ្ងែនេះ ក្រុមគ្រូពេទ្យរបស់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងចូល ក្រុមគ្រូពេទ្យរបស់មន្ទីរពេទ្យបង្អែករមាសហែកចេញ ។ ប៉ុន្តែក្រុមគ្រូពេទ្យរបស់មន្ទីរពេទ្យបង្អែករមាសហែក ត្រូវបន្តចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ក ១៤ថ្ងៃបន្ថែមទៀត ទើបអនុញ្ញាតឱ្យទៅផ្ទះជួបជុំគ្រួសារ ។ ថ្ងែនេះជាវេនទី៤ហើយ ដែលវេនទី១ ទី២ គឺមន្ទីរពេទ្យបង្អែកជីភូ និងមន្ទីរពេទ្យបង្អែកស្វាយទាប ។
ឯកឧត្តមបណ្ឌិត កែរ រដ្ឋា បានផ្តល់របាយការណ៍ជូនអ្នកសារព័ត៌មានថា បច្ចុប្បន្ននេះនៅក្នុងខេត្តស្វាយរៀង មានមន្ទីរពេទ្យព្យាបាលកូវីដ-១៩ ចំនួន ២ និងមណ្ឌលព្យាបាលកូវីដ-១៩ ក្រុងបាវិត ១ ។
កន្លងមក ការផ្ទុះជំងឺកូវីដ-១៩ ភាគច្រើននៅទីក្រុងបាវិត គីដោយសារការមិនគោរពនូវវិធានការសុខាភិបាល ប៉ុន្តែស្ថានការណ៍បានធូរស្រាលឡើងវិញ ដោយសារមានការគ្រប់គ្រងល្អ និងបញ្ជាផ្ទាល់ពីឯកឧត្តមអភិបាលខេត្ត ដែលជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ខេត្ត និងជាប្រធានគណ:បញ្ជាការឯកភាពខេត្ត ហើយនិងការចង្អុលបង្ហាញ និងអនុសាសន៍ល្អៗ ពីសំណាក់លោកជំទាវកិត្តិសង្កហបណ្ឌិត ម៉ែន សំអន តំណាងរាស្ត្រមណ្ឌលស្វាយរៀង និងជាប្រធានក្រុមការងារ ថ្នាក់ជាតិចុះជួយខេត្តស្វាយរៀង ។ រហូតដល់ពេលព្រឹកនេះ មានអ្នកជំងឺកូវីដ-១៩ ចំនួនសរុប ៣៩៤នាក់ ស្រី ១៦១នាក់ (ជនជាតិខ្មែរ: ៣៥៦ នាក់,ជនជាតិបរទេស: ៣៨នាក់) ចំនួនអ្នកជំងឺជាសះស្បើយសរុប: ៣០៩នាក់ ស្រី ១២៤នាក់ អ្នកជំងឺស្លាប់០៥នាក់ ជាជនជាតិខ្មែរ ។
ប្រជាពលរដ្ឋមកពីប្រទេសនានា និងការពិនិត្យសុខភាពចំនួន 4,248នាក់ ស្រី 1,222នាក់។
សរុបអ្នកបានធ្វើចត្តាឡីស័ក មានចំនួន 4,257នាក់ ក្នុងនោះ អ្នកបញ្ចប់ការធ្វើចត្តាឡីស័កសរុប 4,190នាក់ និងអ្នកកំពុងធ្វើចត្តាឡីស័ក មានចំនួន 67នាក់។
លទ្ឋផលពីការយកសំណាកវិភាគ (ព្រឹត្តិការណ៌ ២០កុម្ភៈ)៖ យកសំណាកលើកទី១ ចំនួន 4.900នាក់ ស្រី 1749នាក់ និងយកសំណាកលើកទី២ សរុប1,971នាក់ ស្រី 741នាក់ ៕