កំពង់ធំ ៖អ្នកលក់ដូរបន្លែត្រីសាច់នៅផ្សារសេរីស្ទោង ខេត្តកំពង់ធំ បាននាំគ្នាធ្វើការតវ៉ាដើម្បីសុំរក្សាការលក់ដូរនៅផ្សារសេរីស្ទោងដដែលក្រោយពីអាជ្ញាធរបានធ្វើការរៀបចំសណ្ដាប់ធ្នាប់ ។ជាមួយគ្នានេះដែបងប្អូនជាអជីវករបានលើកឡើងថាពួកគាត់គាំទ្រនិងការរៀបចំសណ្តាប់ធ្នាប់របស់អាជ្ញាធរដែលមិនអោយរៀបលក់លើចិញ្ចើមផ្លូវដោយពួកគាត់លក់ទៅតាមគំនូសដែលអាជ្ញាធរបានរៀបចំឲ្យដោយឡែកបងប្អូនគ្រាន់តែសំណូមពរទៅដល់អាជ្ញាធរគឺសូមឲ្យមានការបើកផ្លូវដល់រថយន្តដែលបានដឹកបន្លែត្រីសាច់ដូចធម្មតា។
ជុំវិញបញ្ហានេះ លោកណែត សារី អភិបាលស្រុកស្ទោងបានអោយដឹងថា នៅថ្ងៃទី ១៤ ខែឧសភាឆ្នាំ ២០២១ នេះថាក្រោយពីបានបើកដំណើរឡើងវិញបន្ទាប់ពីបានបិទខ្ទប់ជាបណ្តោះអាសន្ននៅឃុំចំនួន ៤ក្នុងស្រុកស្ទោង ក្នុងខេត្តកំពង់ធំមួយរយៈដែលមាន ឃុំកំពង់ចិនត្បូង កំពង់ចិនជើង ចំណារលើនិងឃុំសំព្រោជ រដ្ឋបាលស្រុកក៏បានដឹកនាំក្រុមការងារដើម្បីរៀបចំសណ្ដាប់ធ្នាប់សាធារណៈនៅក្នុងទីប្រជុំជន នឹងបើកឲ្យដំណើរការឡើងវិញហើយយើងក៏បានធ្វើការណែនាំដល់បងប្អូនអាជីវករដែលមានការលក់ដូរលើដីចំណីផ្លូវការលក់ដូរនិងយកទៅធ្វើជាកន្លែងលក់ដូរទៅធ្វើឲ្យកកស្ទះនៅចរាចរណ៍ និងការប្រមូលផ្ដុំគ្នាច្រើនបង្កើតទៅជាហានិភ័យនៃការចម្លងកូវីដ១៩ ។
ជាធម្មតាការរៀបចំសណ្ដាប់ធ្នាប់ផ្សារសេរីស្ទោងនៅតាមបណ្ដោយផ្លូវដែលបងប្អូនអាជីវករទាំងអស់នោះបានយកផ្លូវសាធារណៈមកលក់ដូរដែលបង្កធ្វើឱ្យមានការកកស្ទះចរាចរណ៍ និងបាត់បង់សណ្ដាប់ធ្នាប់ បាត់បង់សោភ័ណភាព និងមិនគោរពទៅតាមតាមការណែនាំរបស់ក្រសួងសុខាភិបាលដែលមិនមានគម្លាតសុវត្ថិភាពក្នុងបរិបទកូវីដ១៩ ។
លោកបញ្ជាក់ទៀតថាការរៀបចំសណ្តាប់ធ្នាប់នេះបានធ្វើឲ្យបាត់បង់នូវប្រយោជន៍មួយចំនួនរបស់បងប្អូនដែលធ្លាប់តែយកចំណីផ្លូវនិងមុខផ្ទះទៅជួលឲ្យអ្នកលក់ដូរផ្សេងៗទៀតដែលធ្វើឲ្យពួកគាត់ចំណាយថវិកាច្រើន ។
លោកបន្តថា អាជ្ញាធរស្រុកបានសហការជាមួយនឹងផ្សារស្ទោងអភិវឌ្ឍដើម្បីរកទីតាំងផ្ដល់ជូនពួកគាត់ដែលធ្វើការលក់បន្លែ ត្រីសាច់ នៅលើដីចំណីផ្លូវនេះនិងជួលនៅមុខផ្ទះរបស់គេដើម្បីធ្វើការលក់ដូរឲ្យបានត្រឹមត្រូវមានទីធ្លាស្អាត និងមិនមានការបង់ប្រាក់ហើយគ្មានការបង្ខិតបង្ខំឡើយ ។ បើបងប្អូនណាចង់មកលក់ដូរនៅផ្សារស្ទោងអភិវឌ្ឍន៍ក៏បានមិនមកលក់ក៏បានទៅស្រេចតែនឹងចិត្តតែត្រូវគោរពតាមការរៀបចំរបស់អាជ្ញាធរដែលបានកំណត់ ។
ជាមួយគ្នានេះបងប្អូនដែលធ្លាប់លក់ដូរនៅផ្សារសេរីស្ទោងបានប្ដូរមកលក់ដូរនៅផ្សារស្ទោងអភិវឌ្ឍវិញបានលើកឡើងថា ពួកគាត់បានមកលក់នៅទីនេះមានកន្លែងស្អាតត្រឹមត្រូវហើយគ្មានអ្នកណាបង្ខិតបង្ខំទេហើយកន្លែងនេះក៏គ្មានការបង់ប្រាក់ឡើយនោះដែរដូច្នេះសូមឱ្យបងប្អូនមកលក់ទីនេះដើម្បីមានកន្លែងលក់ដូរបានសមរម្យ ៕