ព័ត៌មានជាតិ

កម្ពុជា ស្នើដល់អ្នកវិនិយោគិនចិន សិក្សាពីលទ្ធភាពគាំទ្រលើវិស័យវិនិយោគពីសក្តានុពលក្នុងខេត្តប៉ៃលិន

ប៉ៃលិន ៖ មានប្រសាសន៍ក្នុងឱកាសសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូក្រុង Lenfin ខេត្ត Shanxi នៃសាធារណៈរដ្ឋប្រជាមានិតចិន ក្នុងដំណើរបេសកកម្មផ្លូវការនៅខេត្តប៉ៃលិន ដែលដឹកនាំដោយ លោក Zhao Hua អគ្គលេខាធិការរងរដ្ឋបាលប្រជាជនក្រុង Lenfin នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានស្នើរដល់សមភាគីសម្ព័ន្ធមេត្រីភាព ធ្វើការសិក្សា ពីលទ្ធភាព វិនិយោគលើសក្តានុពលរបស់ខេត្តប៉ៃលិន ជាពិសេស វិស័យកសិកម្ម និងទេសចរណ៍។

អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា ក្នុងដំណើរបេសកកម្មផ្លូវការនៅខេត្តប៉ៃលិនរបស់ប្រតិភូក្រុង Lenfinខេត្ត Shanxi នៃសាធារណៈរដ្ឋប្រជាមានិតចិន នាពេលនេះ គឺជាការបោះជំហ៊ានទៅមុខបន្ទាប់ពីរដ្ឋបាល ក្រុងប៉ៃលិន បានចងសម្ព័ន្ធភាពលើកិច្ចសហប្រតិបត្តិកា ជាមួយទីក្រុងដ៏ធំរបស់មិត្តចិនក្នុង គោលបំណងដើម្បីពង្រឹង និងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍ ទីក្រុងឲ្យកាន់តែវិវឌ្ឍន៍ រីកចម្រើនស្របតាមគោលនយោបាយនៃកិច្ចសហប្រតិបត្តិការ គ្រប់ ជ្រុងជ្រោយដែលដាក់ចេញដោយប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោកប្រធានាធិបតី ចិន ស៊ី ជិន ពីង ។

លោក ផាន់ ចាន់ធុល បានមានប្រសាសន៍បញ្ជាក់ថា ផ្តើមចេញពីទំនាក់ទំនងការទូតដ៏យូរលង់និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំង២កាន់តែមានភាពស៊ីជម្រៅស្អិតរមួតលើ គ្រប់វិស័យចាប់តាំងពីកិច្ចសហប្រតិបត្តិការទ្វេភាគីរហូតជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក្នុងឆ្នាំ ២០១០ ជាពិសេសបន្ទាប់ពីជំនួបថ្នាក់ដឹកនាំកំពូលរវាង លោកនាយករដ្ឋមន្រី្ត ហ៊ុន សែន និងលោកស៊ី ជិន ពីង ប្រធានាធិបតី នៃ សាធារណរដ្ឋប្រជាមានិតចិន ។

ជាការឆ្លើយតប លោក Zhao Hua អគ្គលេខាធិការរងរដ្ឋបាលប្រជាជនក្រុង Lenfin បានសន្យាថា នឹងខិតខំពង្រឹង និងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរឡើង ដើម្បីផ្តល់ឱកាសឱ្យក្រុមហ៊ុនចិន មកធ្វើការវិនិយោគនៅក្នុងខេត្តប៉ៃលិនឱ្យបានច្រើន ហើយថ្ងៃនេះគឺជាថ្ងៃប្រវត្តិសាស្ត្រដែលប្រតិភូក្រុង Lenfin បានមកទស្សនកិច្ចនៅខេត្តប៉ៃលិន។ ក្នុងឱកាសនោះផងដែរ លោកអគ្គលេខារង ក៏បានថ្លែងអំណរគុណដល់កម្ពុជា ក៏ដូចជាខេត្តប៉ៃលិនផ្ទាល់ ដែលបានបង្ហាញជំហ៊យ៉ាងម៉ឺងម៉ាត់ ក្នុងការគាំទ្រគោលនយោបាយចិនតែ១ និងចូលរួមយ៉ាងសកម្មសម្រាប់ផែនការផ្លូវ១ ខ្សែរក្រវ៉ាត់១ របស់លោក ស៊ី ជិនពីង ប្រធានាធិបតីនៃសាធារណៈរដ្ឋប្រជាមានិតចិន ហើយបានចាត់ទុក មិត្តភាពកម្ពុជា-ចិន គឺជាមិត្តដ៏ល្អជាដៃគូរួមសុខទុក្ខជាមួយគ្នាជួយគ្នា ទៅវិញទៅមកអស់ រយៈពេលជាង ៦០ ឆ្នាំមកហើយ ។

សូមបញ្ជាក់ថា កាលពីពេលកន្លងទៅថ្មីៗនេះ ក្រុងប៉ៃលិន និងក្រុង Lenfin បានចុះកិច្ចព្រមព្រៀង ចងសម្ព័ន្ធមេត្រីភាពជាមួយគ្នា មានដូចជា ៖ ១-ផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម សិក្សាអប់រំ វប្បធម៌ កសិកម្ម ទេសចរណ៍ សុខាភិបាល បណ្តុះបណ្តាលផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីជំរុញឱ្យមានការរីកចម្រើនរួមគ្នា។ ២-សម្របសម្រួលឱ្យមានការផ្លាស់ប្តូរទស្សនកិច្ចរបស់តំណាងរបស់ខ្លួនទៅវិញទៅមក។ ៣-ភាគីទាំង២រក្សាទំនាក់ទំនងជាប្រចាំ ដើម្បីនិរន្តរភាពនៃការសងម្ព័ន្ធមេត្រី និងជំរុញឱ្យមានកិច្ចពិភាគ្សារវាងថ្នាក់ដឹកនាំរដ្ឋបាល និងមន្ទីរវិស័យពាក់ព័ន្ធ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរជាទ្វេរភាគី ក្នុងករណីដែលភាគីទាំង២ មានចំណាប់អារម្មណ៍ ដោយគោរពតាមច្បាប់នៃប្រទេសទាំង២។ ៤-ភាគីទាំង២ បានត្រៀមខ្លួនជាស្រេច ដើម្បីអនុវត្តន៍ការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការ ដោយផ្អែកលើមូលដ្ឋាន សមភាព និងផលប្រយោជន៍របស់ភាគីទាំង២៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *