ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃអង្គារ ១៣កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩នេះ នៅសាលប្រជុំអគារ ខ សាលាខេត្តមានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាសកម្មភាពជនពិការនៅខេត្តស្វាយរៀង ក្រោមអធិបតីភាពលោក ជំទាវ ឯក សុវណ្ណភារៈ អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តស្វាយរៀង។
លោកជំទាវ ឯក សុវណ្ណភារៈ បានមានប្រសាសន៍ថា កិច្ចប្រជុំនេះពិតជាមានសារៈសំខាន់ណាស់ ព្រោះបានផ្តល់ឲ្យក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តបានយល់ដឹងបន្ថែម និងកាន់តែស៊ីជម្រៅ ទាក់ទងជាមួយតួនាទីភារកិច្ចរបស់ខ្លួន។ ទន្ទឹមនេះ ក៏ជាជំនួយស្មារតីមួយដល់ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តស្វាយរៀង ដើម្បីស្វែងយល់ពីបច្ចុប្បន្នភាព នៃស្ថានភាពជនពិការនៅកម្ពុជា និងក្នុងខេត្តជាមូលដ្ឋានក្នុងការបំពេញ ការងារកាន់តែមានប្រសិទ្ធភាព។
លោកជំទាវបានបញ្ជាក់ថា យើងបានយកចិត្តទុកដាក់ជាខ្លាំងទៅលើការងារពិការភាព ដើម្បីការពារ និងលើកកម្ពស់សិទ្ធិរបស់ជនពិការ ដោយសារជនពិការ ក៏ជាប្រភពធនធានមួយ នៃការចូលរួមអភិវឌ្ឍប្រទេសជាតិផងដែរ៕