ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមជ្ឈមណ្ឌលបង្កាត់ពូជត្រី និងសំណេះសំណាលជាមួយកសិករនៅ ស្រុកពាមរក៍ ខេត្តព្រៃវែង

នាព្រឹកទី១៤ ខែកក្កដា ឆ្នាំ២០២០ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះពិនិត្យសកម្មភាពបង្កាត់ពូជត្រី ចិញ្ចឹមត្រីនិងកង្កែបជាក់ស្តែងនៅបមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជត្រី ក៏ដូចជាសំណេះសំណាលជាមួយប្រជាកសិករ នៅស្រុកពាមរក៍ ខេត្តព្រៃវែង។

តាមរបាយការណ៍របស់ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអោយដឹងថា មជ្ឈមណ្ឌលនេះ មានតួនាទី និងសកម្មភាពសំខាន់ៗលើការងារស្រាវជ្រាវ ការងារផលិតពូជត្រី ការបណ្តុះបណ្តាលជំនាញបច្ចេកទេសវារីវប្បកម្មជាដើម។

បានផលិតពូជត្រីរាប់លានកូនជារៀងរាល់ឆ្នាំ ដូចជាត្រីឆ្ពិន ត្រីប្រា ត្រីអណ្តែង ត្រីទីឡាព្យ៉ាកង្កែប បង្កង និងប្រភេទត្រីកាបមួយចំនួនទៀត សម្រាប់ចែកដល់កសិករយកទៅចិញ្ចឹមទូទាំងប្រទេស និងលែងចូលក្នុងដែនទឹកសាធារណៈ ស្រះជម្រកត្រីសហគមន៍ ដើម្បីបង្កើនផលត្រីគ្រប់ប្រភេទ និងបរិមាណពូជត្រីក្នុងស្រុកផងដែរ។

នៅក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញសួរនាំប្រជាកសិករដែលប្រកបរចិញ្ចឹមត្រី និងរបរចិញ្ចឹមកង្កែប ដើម្បីបានដឹងពីភាពងាយស្រួល និងការលំបាកនៃការចិញ្ជឹមត្រី និងកង្កែបនាពេលបច្ចុប្បន្ន ដើម្បីស្វែងរកដំណោះស្រាយជូនប្រជាកសិករយើង។

ចំពោះប្រជាកសិករដែលចិញ្ចឹមត្រីបានបង្ហាញពីភាពងាយស្រួល ក្នុងពេលបច្ចុប្បន្ន ព្រោះចិញ្ចឹមតាមបច្ចេកទេសទំនើប មានឧបករណ៍ សម្ភារៈ ចំណី សន្តិសុខក្នុងផ្ទៃប្រទេសជាដើម គឺបង្កលក្ខណៈងាយស្រួល។

ចំពោះការលំបាកវិញ ដូចជាមានបញ្ហាការខ្វះទុនបញ្ហាទីផ្សារ បញ្ហាកង្វះទឹក បញ្ហាខ្វះបច្ចេកទេសព្យាបាលត្រីឈឺជាដើម រីឯចំពោះការចិញ្ចឹមកង្កែបវិញ គឺងាយស្រួលទទួលផលគឺអាចត្រឹមតែ២ទៅ៣ខែ អាចទទួលបានផលហើយ ងាយស្រួលក្នុងការហុចផលជាពិសេសក្នុងរដូវកូវដ១៩នេះ កូនកង្កែបមានទីផ្សារខ្លាំងដោយសារប្រជាកសិករត្រូវការយកទៅចិញ្ចឹមច្រើន។ ចំពោះផលវិបាកវិញ ដូចជានៅខ្វះបច្ចេកទេសខ្លះ និងបញ្ហានៃការខ្វះខាតទឹក។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ពេលនេះ គឺជាប្រក្រតីភាពនៃជីវភាពតាមគន្លងថ្មី បន្ទាប់ពីយើងជួបនូវវិបត្តិកូវីដ១៩ ។ ថ្វីត្បិតតែវិស័យមួយចំនួនយើងជួបបញ្ហា និងផ្អាកពិធីសំខាន់តែដំណើរការរបស់ប្រជាកសិករមិនផ្លាស់ប្តូរ ឬផ្អាកនោះទេ សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងដោយក្តីមោទនភាពចំពោះវឌ្ឍនភាព និងភាពរីកចម្រើនវិស័យវារីវប្បកម្ម ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយលើកស្ទួយជីវភាពប្រជាជន និងសេដ្ឋកិច្ចជាតិផងដែរ។

 

សម្តេចតេជោនាយករដ្ឋមន្រ្តី បានបន្តទៀតថា ពិតមែនតែយើងជួបវិបត្តិលើវិស័យមួយចំនួន ដូចជាវិស័យឧស្សហកម្ម និងវិស័យសេវាកម្មជាដើម ក៏ប៉ុន្តែវិស័យកសិកម្មគឺជាវិស័យមួយដែលនៅមានភាពល្អប្រសើរបំផុត ពីព្រោះវិស័យនេះវាបានធានាដល់បញ្ហាស្បៀងអាហារនៅក្នុងស្រុក និងការនាំចេញទៅកាន់ទីផ្សារបរទេស សម្តេចតេជោនាយករដ្ឋមន្ត្រីបានប្រកាសថាក្នុងកាលនៃវិបត្តិកូវីដ១៩នេះ កម្ពុជាសូមប្រកាសចូលរួមក្នុងខ្សែចង្វាក់ផ្គត់ផ្គង់ស្បៀងក្នុងតំបន់ ក្នុងនោះដូចជាដូចជាការផ្គត់ផ្គង់ស្រូវអង្ករ និងត្រីជាដើម។

 

កម្ពុជានឹងប្រែក្លាយវិបត្តិកូវីដ១៩ នេះ អោយទៅជាឱកាសនៃវិស័យកសិកម្ម ហើយកម្លាំងដែលបាត់បង់ពីវិស័យឧស្សាហកម្ម នឹងបង្វែរមកវិស័យកសិកម្មវិញ។នៅក្នុងឱកាសនោះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីបានជំរុញអោយប្រជាកសិករបន្តចិញ្ចឹមសត្វបន្ថែមទៀត ដើម្បីផ្គត់ផ្គង់តម្រូវការគ្រួសារ និងការនាំចេញ។ ជាមួយគ្នានោះដែរ ក្នុងការងារវិស័យវារីវប្បកម្មនេះ សម្តេចតេជោបានជំរុញអោយក្រសួងខិតខំបន្ថែមទៀត ដែលចាប់ពីពេលនេះតទៅយើងមិនអាចពឹងការធ្វើវារីវប្បកម្មដោយត្រីធម្មជាតិទៀតនោះទេ គឺយើងត្រូវជំរុញអោយប្រជាកសិករខិតខំចិញ្ចឹមដោយខ្លួនឯង តាមរយៈការបណ្តុះបណ្តាលពីក្រសួងកសិកម្ម។

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអោយក្រសួង ឬមន្ទីរកសិកម្មបន្តការយកចិត្តទុកដាក់បន្ថែមទៀត ដូចជាបណ្តុះបណ្តាលជំនាញបន្ថែមដល់ប្រជាកសិករ នូវបច្ចេកទេសចិញ្ចឹមសត្វ និងការផ្តល់សម្ភារបច្ចេកទេស និងអោយក្រសួងកសិកម្មគិតគូក្នុងការរៀបចំដីបង្កើតជាស្រះសម្រាប់ជួយផ្គត់ផ្គត់ទឹកជូនប្រជាកសិករ។

សម្តេចតេជោ ហ៊ុន សែន នៅតែបន្តអំពាវនាអោយបងប្អូនប្រជាពលរដ្ឋទាំងអស់បន្តប្រុងប្រយ័ត្នយកចិត្តទុកដាក់ការពារខ្លួនជាបន្តទៀតកុំអោយឆ្លងជម្ងឺកូវីដ១៩។មុននឹងបញ្ចប់សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសផ្តល់អំណោយមួយចំនួនជូនដល់ប្រជាកសិករ និងមន្ត្រីជលផលដែលមានជាង១០០នាក់ មកចូលរួមក្នុងពិធីនេះ ដោយទទួលបាននូវសម្ភារៈប្រើប្រាស់មួយចំនួន ជាពិសេសសម្ភារៈការពារកូវីដ១៩ ស្រូវពូជ និងកូនត្រីអណ្តែងសម្រាប់យកទៅចិញ្ចឹម ជាមួយនឹងថវិកាមួយចំនួនផងដែរ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *