ខេត្តកំពត៖ នារសៀលថ្ងៃពុធ ទី៤ ខែធ្នូ ឆ្នាំ២០១៩ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត បានប្រារព្ធទិវាពិភពលោកប្រយុទ្ធប្រឆាំងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០១៩ នៅសាលសន្និសីទខេត្តកំពត។
ពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត និងឯកឧត្តម សុឹម គឹមសែន អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធជំងឺអេដស៍ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាព យុវជនស្ម័គ្រចិត្តកាកបាទក្រហម គ្រួសាររងគ្រោះដោយជំងឺអេដស៍ និងអ្នកផ្ទុកមេរោគអេដស៍ប្រមាណ១០០០នាក់។
ជាការបញ្ជ្រាបអត្ថន័យនៃការបង្កើតទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍សម្រាប់ពិធីនេះ ឯកឧត្តម ជាវ តាយ បានអានទាំងស្រុងនូវសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាក្នុងឱកាសទិវាពិភពលោកប្រយុទ្ធប្រឆាំងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០១៩។
ក្នុងពិធីនេះដែរ ឯកឧត្តមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត បានផ្តល់អំណោយជូនអ្នកផ្ទុកមេរោគចំនួន៥៥៤នាក់ ដោយម្នាក់ៗទទួលបាន អង្ករ ២៥គីឡូក្រាម ទឹកត្រីមួយយួរ ទឹកដោះគោខាប់ពីរកំប៉ុង ស្ករសមួយគីឡូក្រាម ថវិកាពីរម៉ឺនរៀល និងអាវយឺតមួយកញ្ចប់។ ដោយឡែកយុវជនកាកបាទក្រហម១០០នាក់ និងអ្នកស្ម័គ្រចិត្តកាកបាទក្រហម៥០នាក់ ក្នុងម្នាក់ៗទទួលបានមួយម៉ឺនរៀលផងដែរ៕