ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ លោក ត្រាំ អុីវតឹក រដ្ឋ ម ន្ត្រី ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអនុញ្ញាតឲ្យលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហ រដ្ឋអាមេរិក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួង។ នៅក្នុងជំនួបនោះដែរ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បានមានប្រសាសន៍ថា គោលបំណងនាថ្ងៃនេះ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យឌីជីថល រវាងសហរដ្ឋអាមេរិក និងព្រះរាជាណាចក្រកម្ពុជា ឲ្យកាន់តែល្អប្រសើរឡើងថែមទៀត។
លោកឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ ចំពោះការរីកលូត លាស់នៃវិស័យទូរស័ព្ទចល័តនៅកម្ពុជា ហើយកម្ពុជា គឺ ជាប្រទេសមួយស្ថិតក្នុងចំណោមប្រទេសនាំមុខ ដែលមានអ្នកប្រើប្រាស់ទូរស័ព្ទច្រើនជាងគេនៅក្នុងតំបន់។ ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការល្អរវាង ក្រសួង និង ក្រុមប្រឹក្សាធុរកិច្ចអា ស៊ាន-សហរដ្ឋអាមេរិក ហៅកាត់ (USABC) នាពេលកន្លងមក ព្រមទាំងរំពឹងថានឹងមានការិយាល័យតំណាង USABC នៅកម្ពុជានាពេលខាងមុខ ហើយការទំនាក់ ទំនងរវាងប្រទេសទាំងពីរ នឹងកាន់តែត្រូវបានពង្រឹង និងពង្រីកទ្វេរឡើងថែមទៀត។
នៅក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី ត្រាំ អុីវតឹក បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់លោកឯកអគ្គរដ្ឋទូត ដែលត្រូវបានរដ្ឋាភិបាលសហរដ្ឋអាមេរិក ផ្តល់ទំនុកចិត្ត និងប្រគល់ភារកិច្ចថ្មី មកបំពេញបេសកកម្ម ជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកថ្មីប្រចាំព្រះរាជា ណាចក្រកម្ពុជា។
លើសពីនេះទៅទៀត លោករដ្ឋមន្ត្រី សង្ឃឹ មថា វត្តមានរបស់លោកឯកអគ្គរដ្ឋទូតនៅព្រះរាជា ណាចក្រកម្ពុជា នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការទំនាក់ទំនងដែលមានស្រាប់ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត រវាងប្រទេសទាំងពីរ៕