ខេត្តព្រះសីហនុ៖ ក្រុមប្រឹក្សាខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត អភិបាល អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាព រដ្ឋបាលក្រុង សង្កាត់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និស្សិត ព្រះសង្ឃ ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តព្រះសីហនុ បានរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ គម្រប់ ៧ឆ្នាំ (១៥ ខែតុលា ឆ្នាំ២០១២ និង១៥ ខែតុលា ឆ្នាំ២០១៩)។ ពិធីនេះប្រារព្ធធ្វើនៅវេទិការបុណ្យជាតិ ៧មករា ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ។
កូនចៅទាំងអស់គ្នា ចូលរួមក្នុងភាពក្រៀមក្រំ និងសូមលំឱនកាយវាចាចិត្ត គោរពព្រះវិញ្ញាណក្ខន្ធសម្តេចឪ សម្តេចតា សម្តេចតាទួតជាទីគោរពសក្ការដ៏ខ្ពង់ខ្ពស់បំផុត និងចងចាំជានិច្ច នូវព្រះរាជបូជនីយកិច្ចក្នុងការដឹកនាំទាមទារយកបាននូវឯករាជ្យជាតិ កិច្ចការពារបូរណភាពទឹកដី និងការអភិវឌ្ឍប្រទេសប្រកបដោយសុខសន្តិភាព ជូនជាតិ មាតុភូមិកម្ពុជា និងប្រជារាស្ត្រខ្មែរនៅទូទាំងប្រទេស ប្រកបដោយសេចក្តីសុខថ្លៃថ្នូរ ធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនជារៀងរហូតមកដល់បច្ចុប្បន្ននេះ ។ ព្រះអង្គបានបូជាព្រះកាយ ចិត្តក្នុងបុព្វហេតុជាតិ មាតុភូមិកម្ពុជា ទទួលបាននូវសេរីភាព និងការបង្រួបបង្រួមជាតិតែមួយ ធ្ធ្វើឱ្យប្រទេសកម្ពុជាមានឈ្មោះល្បីល្បាញក្នុងឆាកអន្តរជាតិរហូតដល់សព្វថ្ងៃនេះ ។
ព្រះរាជវត្តមានដ៏ឧត្តុង្គឧត្តមនៃព្រះអង្គ សម្តេចព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យជាតិខ្មែរ គឺជាការបាត់បង់តួអង្គ នៃព្រះមហាក្សត្រខ្មែរដ៏មហាឆ្នើម ដែលជានិច្ចកាល ទ្រង់បានបំពេញព្រះរាជបូជនីយកិច្ច ដើម្បីឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ប្រកបដោយព្រះបញ្ញាញាណភ្លឺថ្លា វៀងវៃគ្រប់កាលៈទេសៈ ។
ថ្វីបើព្រះរូប ព្រះកាយរបស់ព្រះអង្គរំលាយក្ខន្ធយាងទៅកាន់បរលោកទៅហើយក្តី ប៉ុន្តែព្រះរាជលំអាន ព្រះវីរៈគំរូដ៏ឆ្នើមលើគ្រប់វិស័យរបស់ព្រះអង្គសម្តេចឪ សម្តេចតា ជាអម្ចាស់ទ្រង់ស្ថិតនៅជានិច្ចក្នុងមនសិកា និងឆន្ទៈរបស់យើងខ្ញុំ ទាំងអស់គ្នាដែលជាកូនចៅ ចៅទួតព្រះអង្គពិតជានៅគង់វង្សស្ថិតស្ថេរជាអមតៈរៀងរហូត ដែលមិនអាចមានថ្ងៃណាបំភ្លេចបានឡើយ ៕