ខេត្តព្រះសីហនុ៖ នារសៀលថ្ងៃចន្ទ ៣រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ លោក ម៉ាង ស៊ីណេត អភិបាលស្ដីទី នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំចូលរួមពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលជាបុណ្យប្រពៃណីជាតិរបស់ប្រទេសយើង ដែលប្រជាពលរដ្ឋទូទាំងប្រទេស បានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ហើយឆ្នាំនេះក៏មិនខុសពីឆ្នាំមុនៗដែរ បុណ្យកាន់បិណ្ឌឆ្នាំនេះនឹងចាប់ផ្ដើមពីថ្ងៃ ១រោច រហូតដល់ ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី១៤ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩ខាងមុខនេះ ។
លោក ម៉ាង ស៊ីណេត បានបញ្ជាក់ថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រជាពលរដ្ឋកម្ពុជា តែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំនៅតាមបណ្តាវត្តអារាមនានា ហើយបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំនេះចូលរួមឱ្យបានអធិកអធ័មគ្រប់ៗគ្នា តាមសទ្ធាជ្រះថ្លា និងអនុមោទនាទទួលមគ្គផល បុណ្យកុសល ឧទ្ទិសជូនដល់បុព្វការីជន ជីដូន ជីតា ដើម្បីសេចក្តីសុខ សេចក្តីចម្រើនគ្រប់គ្នា នៅតាមបណ្តាវត្តអារាមទូទាំងប្រទេស ជាពិសេសនៅតាមវត្តនានាក្នុងខេត្តព្រះសីហនុ និងធានាសន្តិសុខ សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋឱ្យបានល្អ ក្នុងឱកាសពិធីកាន់បិណ្ឌ ភ្ជុំបិណ្ឌ ។ សូមរម្លឹកថា នៅទូទាំងខេត្តព្រះសីហនុ មានវត្តចំនួន៣៩ ៕