ព័ត៌មានជាតិ

កិច្ចប្រជុំគណៈកម្មការរដ្ឋបាល ដើម្បីពិនិត្យ ពិភាក្សាក្នុងការកំណត់ទំហំផ្លូវ អូរ ប្រឡាយ ស្ទឹង និងត្រពាំងបឹងបួរ ក្នុងភូមិអូរថ្កូវ ភូមិកំពង់ថ្កូវ២ ភូមិខ្សាច់ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់

ខេត្តសៀមរាប៖ ថ្ងៃពុធ ៥រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ រដ្ឋបាលខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំគណៈកម្មការរដ្ឋបាល ដែលប្រព្រឹត្តទៅនៅរដ្ឋបាលស្រុកក្រឡាញ់ ដឹកនាំកិច្ចប្រជុំដោយ លោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប និងជាប្រធានគណៈកម្មការរដ្ឋបាល និងមានការចូលរួម ដោយ លោក ហែន ពុទ្ធី នាយករងរដ្ឋបាលខេត្ត និងជាអនុប្រធានគណៈកម្មការរដ្ឋបាល លោកស្រី ម៉ននី រង្សី អភិបាល នៃគណៈអភិបាលស្រុកក្រឡាញ់ លោកប្រធានមន្ទីរដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត លោក ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បះខេត្ត លោក ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត តំណាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត តំណាងមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ប្រធាន និងមន្ត្រីភូមិបាលស្រុក ក្រុមប្រឹក្សាឃុំកំពង់ថ្កូវ មេភូមិអូរថ្កូវ មេភូមិកំពង់ថ្កូវ២ មេភូមិខ្សាច់ សរុប ៤២នាក់។

កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងពិនិត្យ ពិភាក្សាក្នុងការកំណត់ទំហំផ្លូវ អូរ ប្រឡាយ ស្ទឹង និងត្រពាំងបឹងបួរ ក្នុងភូមិអូរថ្កូវ ភូមិកំពង់ថ្កូវ២ ភូមិខ្សាច់ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប ដើម្បីបន្តនីតិវិធីនៃការចុះបញ្ជីដីមានលក្ខណៈជាប្រពន្ធ និងចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) ដើម្បីជូនបងប្អូនប្រជាពលរដ្ឋយកទៅប្រើប្រាស់តម្រូវការ។

ជាលទ្ធផលអង្គប្រជុំបានសម្រេចកំណត់ទំហំផ្លូវក្នុងភូមិអូរថ្កូវចំនួន ៣២ខ្សែ ភូមិកំពង់ថ្កូវ២ចំនួន៤១ខ្សែ និងភូមិខ្សាច់ចំនួន ៣៣ខ្សែ។ ទន្ទឹមនឹងនេះ លទ្ធផលនៃការសម្រេចខាងលើ គណៈកម្មការរដ្ឋបាល នឹងដាក់ជូន ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត ពិនិត្យ និងសម្រេច។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *