ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃចន្ទ ៣រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ នៅសាលប្រជុំធំសាលាខេត្តព្រះសីហនុ បានបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីដំណើរការរៀបចំកសាងផែនការអភិវឌ្ឍន៍រយ:ពេល៥ឆ្នាំ (២០២០-២០២៤) រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់១៧ ខែកញ្ញា ឆ្នាំ២០១៩ ក្រោមអធិបតីភាព លោក ឈិន សេងងួន អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ។ វគ្គបណ្តុះបណ្តាលនេះ មានការចូលរួមពីលោក លោកស្រីសមាជិក សមាជិកាក្រុមការងារកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត និងអ្នកពាក់ព័ន្ធ មកពីមន្ទីរ អង្គភាព ស្ថាប័នក្រុង ស្រុក ក្នុងគោលបំណងផ្សព្វផ្សាយឯកសារបច្ចេកទេស ស្ដីពីការកសាងផែនការអភិវឌ្ឍន៍៥ឆ្នាំរបស់ខេត្ត ស្របតាមឯកសារបច្ចេកទេសថ្មី។
នាឱកាសនោះលោក ឈិន សេងងួន អភិបាលរងខេត្ត មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលដើម្បីផ្សព្វផ្សាយឯកសារបច្ចេកទេស ស្តីពីការកសាងផែនការអភិវឌ្ឍន៍៥ឆ្នាំរបស់ខេត្ត ដើម្បីធានាឲ្យការរៀបចំការកសាងផែនការអភិវឌ្ឍន៍៥ឆ្នាំរបស់ខេត្ត ស្របតាមឯកសារបច្ចេកទេសថ្មី ស្របតាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខ័ណ្ឌ ក្នុងមាត្រា៣៧ ក្រុមប្រឹក្សាត្រូវរៀបចំអនុម័តផែនការអភិវឌ្ឍន៍រយះពេល៥ឆ្នាំ និងត្រូវធ្វើបច្ចុប្បន្នភាពជារៀងរាល់ឆ្នាំ តាមការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិលប្រចាំឆ្នាំ។
លោកអភិបាលរងខេត្ត បានបញ្ជាក់ដំណើរការរៀបចំកសាងផែនការអភិវឌ្ឍរយះពេល៥ឆ្នាំ ក្រុមការងារកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគខេត្ត ត្រូវអនវត្តន៍តាមសេចក្ដីណែនាំបច្ចេកទេសថ្មី គោលការណ៍ណែនាំផ្នែកគោលនយោបាយ គោលនយោបាយអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលនីតិកាលទី៦នៃរដ្ឋសភា ធ្វើជាមូលដ្ឋានក្នុងការកសាងផែនការអភិវឌ្ឍន៍ខេត្ត ដើម្បីដាក់ជូនក្រុមប្រឹក្សាខេត្តអាណត្តិទី៣ បំពេញទៅតាមសេចក្ដីត្រូវការនៃការអភិវឌ្ឍខេត្ត ពិសេសតម្រូវការលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ វគ្គបណ្ដុះបណ្ដាលនេះ និងផ្តល់នូវបច្ចេកទេសថ្មីបន្ថែមទៀត ដល់ក្រុមការងារកសាងផែនការខេត្ត និងអ្នកពាក់ព័ន្ធបានយល់ដឹងអំពីការរៀបចំកសាងផែនការអភិវឌ្ឍន៍៥ឆ្នាំ ក៏ដូចជាបានរៀបចំផែនការក្នុងអាណត្តិទី៣ក្រុមប្រឹក្សារបស់ខេត្ត ដោយត្រូវធ្វើការបញ្ចូលនូវគោលនយោបាយ និងផែនការអភិវឌ្ឍន៍របស់វិស័យទាំងឡាយ ដែលប្រតិបត្តិការក្នុងផែនការសកម្មភាព ក្នុងដែនសមត្ថកិច្ចរបស់ខេត្ត ឱ្យអនុវត្តទទួលបានលទ្ធផលល្អ នាឆ្នាំបន្តបន្ទាប់ខាងមុខ ៕