ខេត្តកណ្តាល៖ នាថ្ងៃសៅរ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២៣ ក្រុមការងារជញ្ជីងចល័ត ដែលដឹកនាំដោយ ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចូលរួមដោយ ឯកឧត្តម ម៉ី ម៉ារ៉ាឌី អនុរដ្ឋលេខាធិការ លោក សេង សុវណ្ណារុណ អនុប្រធានក្រុមចល័តចម្រុះ លោក តាំង ពៅ ប្រធានលេខាធិការដ្ឋាន សមាជិក និងកងកម្លាំងពាក់ព័ន្ធ បានចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅផ្លូវលេខ ៣៤ (KD 09) ភូមិព្រៃប្រសាទ ឃុំដើមឫស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
ប្រតិបត្តិការខាងលើ ក្រុមការងារបានត្រួតពិនិត្យយានុយន្តសរុប ២០គ្រឿង ក្នុងនោះ រថយន្តដឹកលើសទម្ងន់ ចំនួន ១៥ គ្រឿង បានដឹកលើសទម្ងន់កម្រិតកំណត់ ចាប់ពី ០៥-៥២ តោន។ ក្នុងនោះមានរថយន្ត ៦ គ្រឿង ដែលបានដឹកលើស ២០% នៃទម្ងន់អនុញ្ញាត ត្រូវបានពិន័យ និងឃាត់ទុករយៈពេល ១ឆ្នាំ ដោយអនុលោមតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៦០ និងសេចក្ដីជូនដំណឹង លេខ០៤៩ សជណ សក. គតលទ ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់។
ជាថ្មីម្តងទៀត ក្រសួងសូមរំលឹកជូនដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន
ទាំងអស់ជាថ្មីម្តងទៀតថា៖
ក្រសួងនឹងបន្តចាត់វិធានការរឹតបន្តឹងការអនុវត្តច្បាប់ និងសេចក្ដីជូនដំណឹងខាងលើយ៉ាងតឹងបំផុតដោយគ្មានការលើកលែងឡើយ៕