ព័ត៌មានជាតិ

ចូលរួមអប់រំផ្សព្វផ្សាយពីសុខភាពអនាម័យនិងវិធីការពារទប់ស្កាត់ជំងឺឆ្លង Covid-19​ដល់ប្រជាពលរដ្ឋតាមសហគម

ក្រោយពីសេចក្តីប្រកាសរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាកាលពីថ្ងៃទី ៤ មីនា ឆ្នាំ២០២០ កន្លងទៅនេះ ដែលបញ្ជាក់ច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចទិសដៅចម្បងនៅពេលនេះគឺ “ប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩” គឺមានមន្រ្តីរាជរដ្ឋាភិបាលជាច្រើនរូបបានចុះអប់រំផ្សព្វផ្សាយអំពីវិធានការការពារឬទប់ស្កាត់ ព្រមទាំងបានជួយពិនិត្យ ពិគ្រោះ និងព្យាបាលជម្ងឺផ្សេងៗជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃទៀតផង។

តាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានជម្រាបជូនបងប្អូនប្រជាពលរដ្ឋជាច្រើនលើកមកហើយគឺសូមបងប្អូនកុំមានការភ័យខ្លាចជ្រុលពេក ដែលអាចនឹងបង្កើតអោយមានកំហឹង ស្អប់គុំគួន និងអំពើរើសអើងជាតិសាសន៍មិនខាន។ ភាពភ័យខ្លាចហួសហេតុនេះ គឺអាចនឹងធ្វើឱ្យមនុស្សមួយចំនួនបាត់បង់នូវភាពម្ចាស់ការ បាត់បង់គុណធម៌ និងបាត់បង់ជំនឿទុកចិត្តលើខ្លួនឯង ហើយ ស្លន់ស្លោរ ដោយសារតែចាញ់កល់ការបំភិតបំភ័យ បំភ្លៃព័ត៌មាន និងការបន្លាចរបស់ក្រុមជនអគតិមួយចំនួន ដែលនឹងធ្វើអោយបាត់បង់សេចក្តីសុខក្នុងការរស់នៅក្រុមគ្រួសារ មិត្តភ័ក្តិ និងក្នុងសហគម។

អរគុណអស់លោក លោកស្រី មន្រ្តីតំណាងរាស្រ្ត មន្រ្តីរាជការ មន្រ្តីគណបក្សប្រជាជន ក្រុមគ្រូពេទ្យ និងក្រុមអ្នកស្ម័គ្រចិត្ត អង្គការដៃគូ ម្ចាស់មូលនិធិ និងម្ចាស់ក្រុមហ៊ុននានាដែលបានចូលរួមអប់រំហ្វឹកហ្វឺនផ្សព្វផ្សាយបានទូលំទូលាយអោយបងប្អូនប្រជាពលរដ្ឋនៅតាមសហគមបានយល់ដឹងកាន់តែច្បាស់ពីអនាម័យសុខភាព ជាពិសេសអំពីវិធានការផ្សេងៗក្នុងការទប់ស្កាត់មិនអោយមានរោគកូវីដ-១៩ ឆ្លងចូលនៅតាមសហគមនានាទូទាំងប្រទេស។

ទន្ទឹមនឹងនេះ សូមអរគុណបងប្អូនប្រជាពលរដ្ឋដែលបានចូលរួមពង្រឹងអនាម័យសុខភាពនៅតាមសហគម និងបានចូលរួមទប់ស្កាត់ជំងឺឆ្លងនានារួមទាំងជំងឺឆ្លងកូវីដ- ១៩ ផងដែរ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *