ត្បូងឃ្មុំ ÷ មួយរយៈចុងក្រោយនេះ ម្ចាស់កាស៊ីណូដូងប្រាំពីដេីម ចាប់ផ្ដើមដំណើរការវិញហេីយ សម្រុកឲ្យពលរដ្ឋខ្មែរ ចូលលេងល្បែង បញ្ជាល់មាន់ បៀរ អាប៉ោង យ៉ាងគគ្រឹកគគ្រេង មានទាំងរថយន្តទំនេីប និងម៉ូតូជាច្រើនគ្រឿង នៅចំណុចទីតាំង ភូមិដា ឃុំដាស្រុកមេមត់ ហេីយបុគ្គលដែលហ៊ានបេីកល្បែងនោះ ប្រហែលជាមានខ្នងបង្អែករឹងមាំចាំជួយបិទបាំងនៅពីក្រោយ ទេីបធ្វេីអ្វីៗតាមអំពើចិត្ត។
ទោះបីសម្តេចតេជោ ហ៊ុន សែន បានប្រកាសបិទល្បែងគ្រប់ប្រភេទ ទូទាំងប្រទេស បែរជាអធិការដ្ឋាននគរបាលស្រុកមេមត់ និងលោក អភិបាលស្រុកមេមត់ បណ្តែតបណ្តោយឲ្យមានល្បែងភ្នាល់ដាក់លុយសុីសងខុសច្បាប់ ក្នុងមូលដ្ឋានរបស់ខ្លួន ហេីយមានអ្នកចូលរួមលេងល្បែង បញ្ជាល់មាន់ យ៉ាងពពពាក់ពពូន ស្រែកហ៊ោកញ្ជៀវ នៅជិតច្រកទ្វារព្រំដែនដា បង្កប់ក្នុងកាស៊ីណូ ដូងប្រាំពីដេីម នៅចំណុចភូមិដា ឃុំដា ស្រុកមេមត់ ដោយសេរី មិនខ្វល់អ្វីទាំងអស់ ។
បញ្ហានេះ អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចថ្នាក់ស្រុក ព្រមទាំងស្ថាប័នពាក់ព័ន្ធក្នុងខេត្តត្បូងឃ្មុំមិនខ្វល់ពីអានុសាសន៍សម្តេចតេជោ ហ៊ុន សែន បានចេញចរាចរណ៍ថ្មីៗ ណែនាំឲ្យបិទល្បែងគ្រប់ប្រភេទ ទូទាំងប្រទេស បែរជាម្ចាស់កាស៊ីណូ ដូងប្រាំពីដេីម ហ៊ានផ្គេីនបទបញ្ជា ប្រមុខថ្នាក់ដឹកនាំកម្ពុជាទៅវិញ ហេីយអតីតមានយីហោ៦៩ ឥឡូវបច្ចុប្បន្ននេះ លុបផ្លាកសញ្ញចោលអស់ ដេីម្បីបំភ័ន្តភ្នែកអ្នកកាសែត ។
ហេតុនេះហើយទើប ប្រជាពលរដ្ឋអំពាវនាវឲ្យលោក ម៉ុន មាគ៌ា ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងលោក ជាម ចន្ទសោភ័ណ្ឌ អភិបាលខេត្តត្បូងឃ្មុំ ចាត់វិធានការបង្ក្រាបល្បែងបញ្ជាល់មាន់ ភ្នាល់ដាក់លុយស៊ីសងខុសច្បាប់ នៅភូមិដា ឃុំដា ស្រុកមេមត់ ជាបន្ទាន់ជៀសវាង កេីតអំពើហឹង្សាក្នុងគ្រួសារ ចោរកម្មផ្សេងៗ ដូចជា ចោរលួច ឆក់ ប្លន់ និងគ្រឿងញៀន រីករាលដាលគូរឲ្យកត់សម្គាល់ថែមទៀតផង។
ដូច្នេះលោក ម៉ុន មាគ៌ា ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ មិនគួរបណ្តែតបណ្តោយតទៅទៀតនោះទេ ព្រោះល្បែងបញ្ជាល់មាន់និងល្បែងផ្សេងៗ ជាច្រើនប្រភេទ ភ្នាល់ស៊ីសងខុសច្បាប់ ក្នុងភូមិដា ឃុំដា ស្រុកមេមត់ កំពុងតែធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់បងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋាន មិនទាន់ចាត់វិធានការបង្រ្កាប ឲ្យស្របតាមគោលនយោបាយ ភូមិ ឃុំសុវត្ថិភាព7ចំណុច ដែលដាក់ដោយក្រសួងមហាផ្ទៃ។
ទេីបមានការរិះគន់ចំៗ ចាប់តាំងពីលោក ម៉ុន មាគ៌ា ចូលកាន់តំណែងជាស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ គឺមិនសូវយកចិត្តទុកដាក់បង្ក្រាប ល្បែងបញ្ជាល់មាន់ បៀរ អាប៉ោង និងកន្ទុយលេខ ដើម្បីពង្រឹងសន្តិសុខសង្គមជូនពលរដ្ឋក្នុងមូលដ្ឋាននោះទេ។
ក្រុមការងារអ្នកសារព័ត៌មានយើង
រងចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័ន ពាក់ព័ន្ធ គ្រប់ពេល ម៉ោងធ្វើការ តាមរបបអ្នកសារព័ត៌មាន សូមអរគុណ ៕