ភ្នំពេញ៖ អគ្គលេខាធិការដ្ឋាន នៃរដ្ឋសភា បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ ស្ដីពីលទ្ធផលសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ ដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ ក្រោមអធិបតីភាព លោក ហេង សំរិន ប្រធានរដ្ឋសភា និងសមាជិក សមាជិការដ្ឋសភា ចំនួន១២១រូប។
សូមជម្រាបថា ទេសរដ្ឋមន្រ្តី និងរដ្ឋមន្រ្តីថ្មី សរុប៩រូប ជាសមាសភាពរាជរដ្ឋាភិបាល ដែលស្នើតែងតាំង និងកែសម្រួលដោយលោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ត្រូវបានរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តទាំងស្រុងហើយ នៅក្នុងសម័យប្រជុំវិសាមញ្ញ នៃរដ្ឋសភា នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ។
សម្រាប់តំណែងរដ្ឋមន្រ្តីដែលរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តនេះរួមមាន៖ លោក ចម ប្រសិទ្ធ ជារដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លោក កើត រិទ្ធ ជារដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ជំនួសលោក អង្គ វង្សវឌ្ឍានា លោក ជា វ៉ាន់ដេត ជារដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជំនួសលោក ត្រាំ អ៊ីវតឹក លោក ឈិត សុខុន ជារដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ជំនួសលោក ហ៊ឹម ឆែម លោក ព្រំ សុខា ជារដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ជំនួសលោក ពេជ្រ ប៊ុនធិន។
សម្រាប់តំណែងទេសរដ្ឋមន្រ្តីដែលរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តនេះរួមមាន៖
ទី១៖ លោក ចម ប្រសិទ្ធ ជាទេសរដ្ឋមន្រ្តី (រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍)
ទី២៖ លោក ហ៊ឹម ឆែម ជាទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស
ទី៣៖ លោក អង្គ វង្សវឌ្ឍានា ជាទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស
ទី៤៖ លោក ត្រាំ អ៊ីវតឹក ជាទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស
ទី៥៖ លោក ពេជ្រ ប៊ុនធិន ជាទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស៕