(ខេត្តកែប)៖ កិច្ចប្រជុំផ្សព្វផ្សាយឯកសារគតិយុតិ្ត ស្តីពីការពង្រឹងសណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាព ក្នុងការគ្រប់គ្រងក្រុមហ៊ុនសំណង់ ខេត្តកែប ត្រូវបានរៀបចំឡើងនៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ក្រោមវត្តមាន លោក ឆាន់ សូរ្យផល អគ្គនាយកនៃអគ្គនាយកដ្ឋានសំណង់ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងលោក ព្រំុ គន្ធិ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប ព្រមទាំងអស់លោកជាប្រធាន អនុប្រធានមន្ទីរអង្គភាពជំនាញទូទាំងខេត្ត និងមន្ត្រីផ្នែកជំនាញក្រុង ស្រុកផងដែរ។
យោងតាមរបាយការណ៍ របស់លោក វ៉ៅ សុខា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកែប បានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យសំណង់មានការរីចម្រើនគួរឲ្យកត់សម្គាល់ ដូចជាផ្ទះសំណាក់ សណ្ឋាគារ បឹងហ្គាឡូវ ភោជនីយដ្ឋាន និងសំណង់សិល្បៈផ្សេងៗទៀត។ ដោយឡែក ក្នុងឆ្នាំ២០១៨ និងដើមឆ្នាំ២០១៩នេះ គម្រោងប្លង់ស្នើសុំលិខិតអនុញ្ញាតសាងសង់ចំនួន១១គម្រោង ក្នុងនោះមានអគារស្នាក់រួម០១គម្រោង សណ្ឋាគារ០១គម្រោង ស្ថានីយ៍ប្រេងឥន្ធនៈ ០១គម្រោង ផ្ទះសំណាក់០២គម្រោង ភូមិគ្រឹះ០១គម្រោង ផ្ទះល្វែង០១គម្រោង បឹងហ្គាឡូវ ០១គម្រោង លំនៅឋាន ០១គម្រោង និងទទួលចុះបញ្ជីក្រុមជាងសំណង់ចំនួន០១ក្រុមផងដែរ។
លោក ព្រុំ គន្ធិ អភិបាលរងខេត្តកែប បានលើកឡើងថា វិស័យសំណង់បានរីកដុះដាល និងកើនឡើងច្រើនគួរឲ្យកត់សម្គាល់ ជាពិសេសមាន “អគារពហុមុខងារ និងខុនដូរ” ជាលើកដំដូង និងមានសណ្ឋាគារចាប់ពី៥ជាន់ឡើងទៅ ព្រមទាំងគម្រោងបឹងហ្គាឡូវ ភូមិគ្រឹះ និងលំនៅឋានជាបន្តបន្ទាប់។ លោកអភិបាលរងខេត្តបានបញ្ជាក់ទៀតថា បញ្ហាទាំងនេះ រដ្ឋបាលខេត្តមានការព្រួយបារម្ភចំពោះសំណង់ទាំងឡាយដែលបានសាងសង់រួច កំពុងដំណើរការ ឬមិនទាន់ដំណើរការ ជៀសវាងការប៉ះពាល់ដល់សោភ័ណភាពទីក្រុង គុណភាពសំណង់ផ្សារភ្ជាប់នឹងការរស់នៅ ជាពិសេសផ្តោតសំខាន់លើសំណង់តាមបណ្តោយឆ្នេរ ដែលតម្រូវឲ្យមានការគ្រប់គ្រងកាកសំណល់រឹង រាវ និងការបញ្ចេញចោលនូវទឹកក្រខ្វក់ជាដើម។
ផ្តើមចេញពីកត្តាសំខាន់ៗខាងលើ លោកក៏បានជំរុញដល់ខាងវិស័យសំណង់ត្រូវពង្រឹងការងារក្នុងការចុះត្រួតពិនិត្យការដ្ឋានឲ្យបានជាប្រចាំ ទប់ស្កាត់រាល់សំណង់ខុសច្បាប់ គ្មានច្បាប់ និងសំណង់ដែលចេញដំណើរការមុនលិខិតអនុញ្ញាត ដោយរក្សាឲ្យបាននូវគុណភាព និងសោភ័ណភាពនៃសំណង់ និងឲ្យត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស នៃនគរូបនីយប្បញ្ញតិ្ត ស្របតាមប្លង់គោលប្រើប្រាស់ដីក្រុងកែប ដែលបានអនុម័តរួច ហើយតាមដាន និងឃ្លាំមើល រាល់បទល្មើសដែលបានលួចចូលកាន់កាប់ និងតាំងលំនៅឋានលើដីរដ្ឋគ្រប់ប្រភេទ ជាពិសេសដីចំណីឆ្នេរជាដើម។
ក្នុងឱកាសនោះ លោក ឆាន់ សូរ្យផល អគ្គនាយក នៃអគ្គនាយកដ្ឋានសំណង់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានគូសបញ្ជាក់ថា ក្រុមជាងសំណង់ត្រូវតែមានការចុះបញ្ជីត្រឹមត្រូវ ព្រោះថាសំណង់និមួយៗបើយើងសាងសង់ត្រូវតែមានគុណភាព ហើយក្រុមហ៊ុនសាងសង់នោះត្រូវតែហ៊ានធានានូវគុណភាពរបស់សំណង់ ដែលក្រុមជាងបាននិងកំពុងសាងសង់ថ្មីៗ និងរួចរាល់ ក្នុងនោះបូករួមទាំងសម្ភារៈសំណង់ផងដែរ។ម្យ៉ាងទៀតការកំណត់ទីតាំងនៃសំណង់ ក៏ត្រូវគិតពីគម្លាតអ័ក្សផ្លូវ ដោយតម្រូវឲ្យមន្ត្រីជំនាញកំណត់ព្រំដីឲ្យបានច្បាស់លាស់ ជៀសវាងប៉ះពាល់ដីរបស់រដ្ឋ។លើសពីនេះផ្នែកជំនាញ ក៏ត្រូវតែគ្រប់គ្រង តាមដាន និងពិនិត្យក្រុមហ៊ុន និងក្រុមជាងសំណង់ឲ្យបានហ្មត់ចត់ ជៀសវាងការសាងសង់ដោយគ្មានបច្ចេកទេស ដែលនាំឲ្យបាក់ស្រុត ឬបង្កគ្រោះថ្នាក់ដោយប្រការណាមួយ ដែលយើងនឹកស្មានមិនដល់៕