(ខេត្តកំពត)៖ ឆ្នាំនេះដោយសារអាកាសធាតុក្តៅខ្លាំង គាប់ជួនគ្មានភ្លៀងកក់ខែផងនោះ គេបានសង្កេតឃើញនៅតាមតំបន់ភូមិសាស្ត្រនានាទូទាំងប្រទេសមានសភាពហួតហែង ហើយរុក្ខជាតិទាំងឡាយក៏រងនឹងកម្តៅថ្ងៃមានភាពស្វិតស្រពោនផងដែរ។
យ៉ាងណាមិញ បើយើងក្រលេកមើលនៅតាមតំបន់ខ្លះនៃបណ្តាស្រុក នៅក្នុងខេត្តកំពតវិញគេពិតជាកត់សម្គាល់ឃើញភូមិសាស្ត្រមួយចំនួនត្រូវជួបបញ្ហាកង្វះទឹកសម្រាប់ផ្គត់ផ្គង់និងប្រើប្រាស់ ពិសេសការស្រោចស្រពដំណាំ ដូចជានៅអាងស្តុកទឹកទំនប់ភ្នំដំរី ស្ថិតក្នុងស្រុកកំពង់ត្រាចជាដើម។
យោងតាមរបាយការណ៍របស់អាជ្ញាធរស្រុកកំពង់ត្រាច នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ បានឲ្យដឹងថា ឆ្នាំនេះដោយសារកត្តាអាកាសធាតុ គឺពុំមានភ្លៀងកក់ខែមួយមេផងនោះ ពិតជាធ្វើឲ្យភូមិសាស្ត្រមួយចំនួនកំពុងរងនូវការខ្វះខាតទឹកប្រើប្រាស់។ជាមួយគ្នានេះទំនប់ទឹកភ្នំដំរី ស្ថិតក្នុងឃុំដំណាក់កន្ទួត ស្រុកកំពង់ត្រាច ខេត្តកំពត កន្លងមកទំនប់ទឹកនេះមានទឹកពេញ ដែលអាចឲ្យប្រជាពលរដ្ឋអាចប្រើប្រាស់តាមតម្រូវការ ប៉ុន្តែពេលនេះស្ថានភាពទឹកហាក់ដូចជាមានការស្រកចុះយ៉ាងកំហុគ ដែលជាបញ្ហាប្រឈមមួយធ្វើឲ្យមានភាពខ្វះទឹកសម្រាប់តម្រូវការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ទាក់ទិននឹងបញ្ហានេះដែរ បើតាមការរៀបរាប់ពីសំណាក់ពលរដ្ឋ ដែលរស់នៅភូមិសាស្ត្រខាងលើបានឲ្យដឹងថា ស្ថានភាពទឹកទំនប់ភ្នំដំរីស្រកចុះលឿនបែបនេះ គឺបណ្តាលមកពីកត្តាពីរយ៉ាង ទី១-មកពីការរំហួតដោយសារអាកាសធាតុក្តៅខ្លាំង ហើយគ្មានភ្លៀងធ្លាក់កក់ខែដូចឆ្នាំមុនៗ។ ទី២-គឺបណ្តាលមកពីចំណុចទំនប់ភ្នំដំរីនៅជាប់នឹងចង្កេះភ្នំ ងាយប្រឈមនឹងការហូរច្រោះចូលតាមក្រហែង និងប្រហោងថ្មនៅក្រោមភ្នំ ដែលបញ្ហាបែបនេះគ្មានមធ្យោបាយទប់ទល់ ឬការពារបានឡើយ។ទន្ទឹមនឹងបញ្ហាដូចខាងលើ ប្រជាពលរដ្ឋក្នុងតំបន់ បាននឹងកំពុងសំណូមពរដល់អាជ្ញាធរ ពិសេសមន្ត្រីជំនាញ មេត្តាជួយមានវិធានការទប់ទល់ជាបន្ទាន់ ដើម្បីរក្សាទឹកឲ្យមានលំនឹងដូចមុនវិញ៕