លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បាននាំយកទេយ្យទានរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងថវិការជួសជុលព្រះវិហារដែលមានអាយុកាលរាប់រយឆ្នាំ ទៅប្រគេនដល់ព្រះចៅអធិការវត្តរាជបូព៌ ស្ថិតក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប នាព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២០។
ឆ្លៀតក្នុងឱកាសនោះផងដែរ លោកជំទាវ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងជូនពរជ័យសព្វសាធុការមហាប្រសើរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ប្រគេនជូនចំពោះព្រះសង្ឃគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងពុទ្ធបរិស័ទ ទាំងអស់ ដែលបានចូលរួមក្នុងពេលនេះ។
លោកជំទាវក៏បានប្រគេនទេយ្យទានរបស់សម្តេចអគ្គមហាសេបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ប្រគេនដល់ ព្រះមហាវិមលធម្ម សិរីសុវណ្ណេ ពិន សែម ព្រះរាជាគណៈថ្នាក់ទោ សមាជិកថេរសភាសង្ឃ ឧត្តមទីប្រឹក្សាគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះគ្រូចៅអធិការវត្តរាជបូព៌ និងថវិកាសម្រាប់ជួសជុលព្រះវិហារមានអាយុកាលរាប់រយឆ្នាំ ដែលមានសភាពទ្រុឌទ្រោមខ្លាំង សម្រាប់តម្កល់ទុកវិស័យព្រះពុទ្ធសាសនាផង និងសម្រាប់ទុកសម្រាប់ជាការសិក្សាស្រាវជ្រាវដល់កូនខ្មែរជំនាន់ក្រោយៗផងដែរ៕