ព័ត៌មានជាតិ

ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង ដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំវិធានការត្រៀមបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩

ខេត្តព្រៃវែង៖ ថ្ងៃសុក្រ ៤កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ជា សុមេធី អភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំវិធានការត្រៀមបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងការរៀបចំទីតាំងសំរាប់ដាក់ដោយឡែកចំនួន១៤ថ្ងៃជូនប្រជាពលរដ្ឋដែលសង្ស័យឆ្លង ជាពិសេសប្រជាពលរដ្ឋចំណាកស្រុកក្នុង និងក្រៅប្រទេស។

លោកអភិបាលខេត្តមានប្រសាសន៍ថា ទោះបីជំងឺដ៏កាចសាហាវមួយនេះ បានមានលំនឹងអវិជ្ជមានសម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តព្រៃវែងនេះក៏ដោយ ក្នុងនាម ថ្នាក់ដឹកនាំ ខ្ញុំសូមធ្វើការក្រើនរំលឹកដល់ថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាព និងកងកម្លាំងទាំងបី ធ្វើយ៉ាងណាមិនត្រូវមានការធ្វេសប្រហែស និងមើលស្រាលលើករណីមេរោគដ៏កាចសាហាវមួយនេះបានឡើយ។ ជាមួយគ្នានេះ យើងបានបង្កើតក្រុមការងាររួមដើម្បីរៀបចំគ្រប់គ្រងលើទីតាំងត្រៀម ដោយណែនាំក្រុមការងារឱ្យមើលប្រព័ន្ធខ្សែរភ្លើង ជួសជុលបន្ទប់ទឹក និងបង្គន់អនាម័យ អណ្តូងទឹកស្អាត និងគ្រូពេទ្យប្រចាំការជាមួយគ្រឿងសម្ភារៈបរិក្ខារពេទ្យដើម្បីទុកជាការប្រើប្រាស់នៅក្នុងមណ្ឌលសុវត្ថិភាពឱ្យបានស្រេចជាមុន ព្រោះករណីទឹកប្រើប្រាស់ ភ្លើង និងការទទួលខុសត្រូវផ្សេងៗទាំងអស់នេះ ជាអាទិភាពចម្បងបំផុត។

ឯកឧត្តមក៏បានលើកឡើង និងណែនាំដល់មន្ត្រីរាជការក៏ដូចប្រជាពលរដ្ឋថា យើងត្រូវកាត់បន្ថយការជួបជុំណាមួយដែលមិនគួរជួប។ បើក្នុងករណីជួបជុំដោយខានមិនបាននោះ យើងត្រូវនៅគំលាតពីគ្នាឱ្យបានយ៉ាងតិចពី ១ម៉ែ្រតទៅ ២ ម៉ែត្រ ត្រូវពាក់ម៉ាសការពារ វាស់កម្តៅជាប្រចាំ និងលាងដៃអោយបានស្អាតជាមួយសាប៊ូឫទឹកអាល់កុល ដើម្បីបង្ការទប់ស្កាត់បាននៃការចម្លងពីមេរោគដ៏កាចសាហាវបានជាយថាហេតុ ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *