សៀមរាប៖ នៅព្រឹកថ្ងៃទី១៩ខែឧសភាឆ្នាំ២០២១នេះ កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌកម្រិតធ្ងន់ក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋានខេត្តសៀមរាប ចុះដកហូតរថយន្តដឹកដី១គ្រឿងពាក់ព័ន្ធនិងករណី អំពើលួច កាលពីថ្ងៃទី២៩ខែមិថុនា ឆ្នាំ២០១៧ នៅរាជធានីភ្នំពេញ។
លោកវរសេនីយ៍ទោ សុខ ម៉េងអ៊ាង នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានឲ្យដឹងថា ដោយអនុវត្តន៍តាមថ្នាក់ដឹកនាំ លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌ និងលោកវរសេនីយ៍ឯក ណុប សារ៉ាក់ស្នងការរងទទួលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងមានការសហការជាមួយកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌកម្រិតធ្ងន់ក្រសួងមហាផ្ទៃ បានចុះដកហូតរថយន្តដឹកដី១គ្រឿង។លោកបន្តថា ដោយយោងតាមពាក្យបណ្តឹង ជនរងគ្រោះ ឈ្មោះ ឡៅ លាក់ ភេទប្រុសអាយុ៣២ឆ្នាំមុខរបរលក់ដូរ ស្នាក់នៅសង្កាត់ច្រាំងចំរេះទី១ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ចុះថ្ងៃទី១១ខែតុលា ឆ្នាំ២០១៧ ។លោកបន្ថែមថា នៅព្រឹកថ្ងៃទី១៩ខែឆ្នាំ២០២១នេះ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ក្រសួងមហាផ្ទៃ បានចុះមកសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ធ្វើការដកហូតរថយន្ត១គ្រឿងម៉ាក NISSAN ( ឡានបែនដឹកដី ) លេខតួ 10916E លេខម៉ាស៊ីន B10805 ចង្កួតស្ដាំស្លាកលេខភ្នំពេញ 3A .8124 ដកហូតពីឈ្មោះ នន់ ណាន ភេទប្រុស អាយុ៤៦ឆ្នាំ បច្ចុប្បន្នរស់នៅភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប។លោកបន្ថែមថា រថយន្តខាងលើនេះ ពាក់ព័ន្ធនឹងករណី អំពើលួច កាលពីថ្ងៃទី២៩ខែមិថុនា ឆ្នាំ២០១៧នៅត្រង់ចំណុចខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។លោកបញ្ជាក់ថា វត្ថុតាង រថយន្តខាងលើ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌមហាផ្ទៃ យកទៅបន្តពីនីតិវិធី៕