ព័ត៌មានជាតិ

រដ្ឋបាលខេត្តក្រចេះ រៀបចំទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះ​ថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៤

ខេត្តក្រចេះ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូ ឆ្នាំ២០១៩ នៅសាលមហោស្រពខេត្ត​មានប្រារព្វទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់​ចរាចរណ៍ផ្លូវគោកលើកទី១៤ ក្រោមអធិបតីភាពឯកឧត្តម ទុយ ប៊ុនរត្នមុនី អភិបាលខេត្តស្តីទី រួមនិងមន្ទីរអង្គភាពពាក់ព័ន្ធ យុវជន សិស្សានុសិស្សប្រមាណជាង ៤៥០នាក់ ។

តាមការបញ្ជាក់ឲ្យដឹងពីលោក សាំង ប៉ុនថេន ប្រធានមន្ទីរ​សាធារ​ណៈការ និងដឹកជញ្ជូនខេត្ត ៖រយៈពេល ៩ខែឆ្នាំ២០១៩នេះ គ្រោះ​ថ្នាក់កើតឡើងចំនួន ៩៤ករណី ធៀបនឹងខែ ៩ខែឆ្នាំ២០១៨មាន ១៣៣ករណី ថយចុះ ៣៩ករណីស្មើនឹង ២៩% ក្នុងនោះមនុស្ស​ស្លាប់ចំនួន៤៨ នាក់ ឆ្នាំ២០១៨ ចំនួន៥៥នាក់ ថយចុះ ៧នាក់​ស្មើនឹង ១៣% និងរបួសធ្ងន់ស្រាលចំនួន១២៦នាក់ ឆ្នាំ២០១៩ ចំនួន ១៩៧នាក់ ថយចុះ៧១នាក់ ស្មើនឹង ៣៦% ។

មានប្រសាសន៍បន្ថែមពីឯកឧត្តមអភិបាលខេត្តស្តីទី ៖ ក្នុងការ​ប្រារព្ធទិវា​នេះឡើង គឺជាការ ផ្សព្វផ្សាយនិងបំផុសនូវច្បាប់ថ្មី ស្តីពីចរាចរណ៍ផ្លូវគោក ដែលទើបតែមានការធ្វើវិសោធនកម្មថ្មី ដើម្បីដាស់តឿនអ្នកប្រើប្រាស់ផ្លូវ ទាំងថ្មើរជើង និងអ្នកបើកបរ​យាន​យន្តគ្រប់ប្រភេទ ត្រូវតែផ្លាស់ប្តូរឥរិយាបថ ដែលមិនគោរព​ច្បាប់ មកប្រកាន់យកឥរិយាបថ ចេះអធ្យាស្រ័យគ្នា និងគោរព​ច្បាប់​ចរាចរណ៍ នៅពេលធ្វើដំណើរ និង បើកបរយានយន្ត។ ផ្អែកតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ សម្រាប់​រយៈពេល ៩ ខែឆ្នាំ ២០១៩ នេះ នៅទូទាំងប្រទេសគ្រោះថ្នាក់​ចរាចរណ៍បានកើតឡើងចំនួន ៣. ១៥៨ ករណី ធៀបនិង ៩ខែឆ្នាំ​២០១៨ មានចំនួន ២.៣៧៨ ករណី កើនឡើង ៧៨១ករណី ស្មើនឹង ៣៣% ក្នុងនោះមនុស្សស្លាប់ចំនួន ១.៥២១ នាក់ឆ្នាំ២០១៨ចំនួន ១.៣១៣ នាក់ កើនឡើង ២០៨នាក់ស្មើនឹង ១៦% របួសធ្ងន់​ស្រាល​ចំនួន ៤.៧២១ នាក់ ឆ្នាំ២០១៨ ចំនួន ៣.៤២៧នាក់ កើនឡើង ១.២៩៤ នាក់ស្មើនឹង ៣៨% ជារួមក្នុងមួយថ្ងៃមានគ្រោះថ្នាក់​ចរាចរណ៍កើតឡើងចំនួន ១១ទៅ១២ ករណី និងមានមនុស្ស​ស្លាប់ចំនួនពី ៥ទៅ ៦នាក់ ដោយសារកត្តា៣គឺ ១៖កត្តាមនុស្ស ២៖ កត្តាយានយន្ត ៣៖កត្តាផ្លូវ និងអ្នកមិនគោរពច្បាប់៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *