ព័ត៌មានជាតិ

ប្រកាស​ចូល​កាន់​តំណែង​ក្រុមប្រឹក្សា​ខេត្ត​កណ្តាល អាណត្តិ​ទី​៣, ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ក្រើនរំលឹក​ឱ្យ​ក្រុមប្រឹក្សា និង​អាជ្ញាធរ​ខេត្ត បំពេញ​ភារកិច្ច​ប្រកបដោយ​វិជ្ជាជីវៈ និង​ទទួលខុសត្រូវ​ខ្ពស់​

(​កណ្តាល​)៖ លោក​អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត​កណ្ដាល នៅ​សៀ​ល​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៩ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ចូល​កាន់តំណែង ក្រុមប្រឹក្សា​ខេត្ត​កណ្តាល អាណត្តិ​ទី ៣ ចំនួន​២៧​រូប ដែល​ត្រូវបាន​រៀបចំឡើង​នៅ​សាលាខេត្ត​កណ្តាល ដោយ​មាន​ការចូលរួម​ពី​តំណាង​ក្រសួង​មហាផ្ទៃ​, ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, ថ្នាក់ដឹកនាំ​ខេត្ត ក្រុង និង​ស្រុក​, អង្គភាព​ពាក់ព័ន្ធ​នៅក្នុង​ខេត្ត ព្រមទាំង​ភ្ញៀវកិត្តិយស​ដទៃទៀត សរុប​ចំនួន​ប្រមាណ​៤៥០​រូប​។

​លោក ម៉ៅ ភិរុណ អភិបាលខេត្ត​កណ្តាល បាន​រាយការណ៍​ជូន​អង្គពិធី​ជ្រាប​អំពី​សភាពការណ៍​ទូទៅ​, ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ និង​សមិទ្ធផល​នានា​ជាច្រើន ដែល​រដ្ឋបាល​ខេត្ត​សម្រេចបាន ដែល​កើតចេញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង របស់​ក្រុមប្រឹក្សា​ខេត្ត អាណត្តិ​ទី​២, រដ្ឋបាលខេត្ត ក្រុង ស្រុក និង​ឃុំ​-​សង្កាត់​, ដោយ​មាន​ការចូលរួម​យ៉ាង​សកម្ម​ពី​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ក៏ដូចជា​ប្រជាពលរដ្ឋ​គ្រប់​រូប​នៅ​ក្នុង​ខេត្ត​, ដោយ​ធានាបាន​យ៉ាង​ល្អប្រសើរ​នូវ​សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ​, ហើយ​កិច្ចដំណើរការ​បោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សា​ខេត្ត និង​ក្រុង​-​ស្រុក ក៏​បាន​ប្រព្រឹត្តទៅ​ដោយ​រលូន​, សេរី​, ត្រឹមត្រូវ និង​យុត្តិធម៌ ផងដែរ ។ ចំពោះ​លទ្ធផល​នៃ​ការបោះឆ្នោត​, ក្រុមប្រឹក្សា​ខេត្ត​មាន​ចំនួន ២៧ រូប ក្នុងនោះ​គណបក្ស ប្រជាជន​កម្ពុជា​មាន​ចំនួន ២៦ រូប និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​មាន​ចំនួន​១​រូប ហើយ​ក្រុមប្រឹក្សា​ក្រុង​-​ស្រុក មាន​ចំនួន ២២១ រូប ក្នុងនោះ​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ចំនួន ២១៥ រូប និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​មាន​ចំនួន ៦ រូប​។

​លោក នួន ផា ក្នុងនាម​ជា​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កណ្តាល អាណត្តិ​ទី​៣ និង​តំណាង​ឱ្យ​ក្រុមប្រឹក្សា​ខេត្ត​ទាំងអស់ ដែល​ទើប​ជាប់ឆ្នោត បាន​ប្តេជ្ញាចិត្ត​ក្នុង​ការបំពេញ​ភារកិច្ច​របស់ខ្លួន ដើម្បី​បម្រើ​ផលប្រយោជន៍ ជូន​ប្រទេស​ជាតិ និង​ប្រជាពលរដ្ឋ ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ និង​ខិតខំ​ពង្រឹង​រដ្ឋបាល​ខេត្ត​ឱ្យ​មាន​ម្ចាស់ការ​ក្នុង​ការគ្រប់គ្រង និង​ចាត់ចែង​មុខងារ​របស់​ខ្លួន​ប្រកបដោយ​ប្រសិទ្ធភាព​, តម្លាភាព និង​គណនេយ្យភាព​, ដោយ​ប្រតិបត្តិ​តាម​គោលការណ៍​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​នានា ជា​ធរមាន​។​

​លោក​អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត​កណ្ដាល បាន​អបអរសាទរ​ចំពោះ​សមាជិក​-​សមាជិកា​ក្រុម ប្រឹក្សា​ខេត្តកណ្តាល ដែល​ត្រូវបាន​តំណាង​ប្រជាពលរដ្ឋ​, គឺ​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​, ផ្តល់​សេចក្តីទុកចិត្ត បោះឆ្នោត​ជ្រើសរើស​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​កណ្តាល អាណត្តិ​ទី ៣ ដើម្បី​បន្ត​ដឹកនាំ​ខេត្ត​កណ្តាល​ឱ្យមាន​ការអភិវឌ្ឍ និង​រីកចម្រើន​លើ​គ្រប់​វិស័យ​បន្ថែមទៀត​។​

​លោក​អគ្គបណ្ឌិត​សភា​ចារ្យ បាន​គូសបញ្ជាក់ថា ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ និង​ឈ្លាសវៃ ប្រកបដោយ​គតិបណ្ឌិត​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​, រាជរដ្ឋាភិបាល​កម្ពុជា បាន​រៀបចំ​ការបោះឆ្នោត​ដើម្បី បង្កើត​ក្រុមប្រឹក្សា​នៃ​រដ្ឋបាល​គ្រប់​ថ្នាក់ នៅ​ថ្នាក់ក្រោម​ជាតិ ដែល​មាន​អត្ថន័យ​ជ្រាលជ្រៅ​មកលើ​ប្រព័ន្ធ នយោបាយ និង​រដ្ឋបាល​នៅ​កម្ពុជា ពី​ព្រោះ​ការបោះឆ្នោត​នេះ​បាន​ពង្រឹង និង​ពង្រីក​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស​ឱ្យ​ចាក់គ្រឹះ​រហូតដល់​មូលដ្ឋាន​, នាំមក​នូវ​ការផ្លាស់ប្តូរ​រចនាសម្ព័ន្ធ និង​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋបាល​នៅ​កម្ពុជា តាម​បែបផែន​នៃ​វិមជ្ឈការ និង​វិសហមជ្ឈការ​សំដៅលើ​ការផ្ទេរ​មុខងារ​, អំណាច​, ធនធាន និង​សិទ្ធិ​ស្វ័យ​សម្រេច​សម​ស្រប​ពី​ថ្នាក់​ជាតិ​មក​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដើម្បី​ឆ្លើយតប​តម្រូវការ​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​នី​មួយៗ​, និង​លើកកម្ពស់​ការចូលរួម និង​ភាព​ជា​ម្ចាស់​របស់​ប្រជាពលរដ្ឋ​គ្រប់​មូលដ្ឋាន​ក្នុង​ការអភិវឌ្ឍ​មូលដ្ឋាន​របស់​ខ្លួន សំដៅ​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ និង​លើកកម្ពស់​គុណភាព​នៃ​ជីវិត​របស់​ប្រជាពលរដ្ឋ​។​

​លោក​អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន បាន​ក្រើនរំលឹក​ឱ្យ​ក្រុមប្រឹក្សា​ខេត្ត​កណ្តាល អាណត្តិ​ទី​៣ ព្រមទាំង​គណៈ​អភិបាលខេត្ត ក្រុង ស្រុក និង​ឃុំ​-​សង្កាត់​, ត្រូវ​បំពេញ​ភារកិច្ចរ​បស់​ខ្លួន​ប្រកប​ដោយ​វិជ្ជាជីវៈ និង​ការទទួលខុសត្រូវ​ខ្ពស់​ចំពោះ​ប្រទេសជាតិ និង​ប្រជាជន​ក្នុង​ខេត្ត​ទាំងមូល ស្រប​តាម​គោលការណ៍ និង​នីតិវិធី​ដែល​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​ជា​ធរមាន​បាន​កំណត់​, និង​ត្រូវ​យកចិត្ត​ទុក ដាក់​លើ​កិច្ចការ​អាទិភាព​មួយចំនួន​ដូចជា ការរៀបចំ​ផែនការអភិវឌ្ឍន៍​រយៈ​ពេល ៥ ឆ្នាំ​សម្រាប់​ខេត្ត​, ការបន្ត​ចូលរួម​អនុវត្ត​កម្មវិធី​កំណែទម្រង់​នានា​របស់​រាជរដ្ឋាភិបាល​កម្ពុជា​, ការផ្តល់សេវា​សាធារណៈ និង​ការដោះស្រាយ បញ្ហា​ប្រឈម​នៅ​មូលដ្ឋាន​, និង​ការធានា​សន្តិសុខ​, សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម​ឱ្យបាន​ល្អ ប្រសើរ​ជូន​ប្រជាពលរដ្ឋ​៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *