ព័ត៌មានជាតិ

អភិបាលខេត្តកណ្ដាល នាំយកអំណោយមនុស្សធម៌ផ្ដល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន ១១ គ្រួសារ នៅស្រុកមុខកំពូល។

ខេត្តកណ្ដាល៖ ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ១១ គ្រួសារ នៅស្រុកមុខកំពូល ក្នុងនោះគ្រួសាររលំផ្ទះទាំងស្រុងចំនួន ៣ គ្រួសារ របើកដំបូលធ្ងន់ធ្ងរចំនួន ៦ គ្រួសារ និងរបើកដំបូលដោយអន្លើចំនួន ២ គ្រួសារ ត្រូវបានឯឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល នាំយកអំណោយមនុស្សធម៌ របស់សាខា ប្រគល់ជូនកាលពីរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១។

មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្ដេចតេជោនាយករដ្ឋមន្ត្រី ដោយក្ដីនឹករលឹក និងអាណិតអាសូរពន់ពេក។

ឯកឧត្តម បន្តថា កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងគិតគូរជានិច្ច អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅ នៅគ្រប់ពេលវេលា ពិសេសក្នុងកាលៈទេសៈដែលប្រទេសកម្ពុជា កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវកូវីដ-១៩។ សម្ដេចថែមទាំងបានណែនាំជាប្រចាំដល់ មន្រ្តីកាកបាទក្រហមនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវពិនិត្យមើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងចុះសួរសុខទុក្ខដល់ចាស់ជរាឥតទីពឹង ជនទីទ័លក្រ ស្រី្តមេម៉ាយកូនច្រើនក្រីក្រ អ្នកកំពុងរស់នៅជាមួយមេរោគអេដស៍ អ្នកមានជំងឺរ៉ាំរ៉ៃ ហើយមានជីវភាពទីទ័លក្រ កុមារកំព្រា ស្រី្តឆ្លងទន្លេ និងអ្នករងគ្រោះផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ប្រពៃណី ឬនិន្នាការនយោបាយឡើយ គឺក្នុងគោលបំណងជួយដោះស្រាយសម្រាលនូវការលំបាកចំពោះមុខឱ្យបានទាន់ពេលវេលា និងមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារការដាច់ស្បៀងអាហារឡើយ។

ឯកឧត្តម ក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមរក្សាអនាម័យឱ្យបានល្អ ពិសេសអនុវត្តឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាងនេះទៀត ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការការពារជំងឺកូវីដ-១៩ របស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ រួមមាន៖ ៣ការពារ ៣កុំ។

អំណោយដែលសាខាកាកបាទក្រហមផ្ដល់ជូនរួមមាន៖ អង្ករ ២៥គីឡូក្រាម មី ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ត្រីខ ១យួរ ទឹកសុទ្ធ ១កេស ជែល ១ដប ម៉ាស ១០បន្ទះ និងថវិកា ១០ ម៉ឺនរៀល ចំពោះអ្នករបើកដំបូលដោយអន្លើ ដោយឡែកអ្នករបើកដំបូលធ្ងន់ធ្ងរ ថវិកា ២០ ម៉ឺនរៀល និងរលំផ្ទះទាំងស្រុងទទួលបានបន្ថែមនូវតង់កៅស៊ូមួយ និងថវិកា ៥០ ម៉ឺនរៀលផងដែរ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *