(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក មីណូរុ គីអ៊ូឈី អនុរដ្ឋមន្ត្រីក្រសួងបរិស្ថានជប៉ុន ដើម្បីពិភាក្សាការងារ ពាក់ព័ន្ធការគ្រប់គ្រងសំរាមការងារដឹកជញ្ជូនការងារ លូប្រឡាយ និងប្រព័ន្ធទឹកសម្អុយ និងការងារអភិរក្សបរិស្ថាន ដើម្បីកែលម្អបរិស្ថាន និងជំរុញការអភិវឌ្ឍន៍ក្នុងរាជធានីភ្នំពេញ។
កិច្ចជំនួបនេះ ក៏មានការចូលរួមពីលោក ហូរីណូអ៊ូឈី ហ៊ីដេ ហ៊ីសា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំកម្ពុជា, លោក សូហ្គាណូ យូអ៊ីឈី ប្រធាន JICA ប្រចាំកម្ពុជា, លោក គូស៊ីយ៉ាម៉ា សាតូរុ ប្រធានមន្ទីរបរិស្ថាន គីតា គ្យូស្ស៊ូ និងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀត។ ជំនួបនេះបានរៀបចំធ្វើឡើង នារសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩។
លោក ឃួង ស្រេង បានថ្លែងថា ក្នុងកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញការអភិវឌ្ឍនៅរាជធានីភ្នំពេញ ភាគីទីក្រុង បាននិងកំពុងគាំទ្រដោយបង្កើតនូវផែនការយុទ្ធសាស្ត្រ សំរាប់គាំពារការបម្រែបម្រួល អាកាសធាតុ ដោយផ្តោតលើការងារអាទិភាពចំនួន៦ រួមមាន៖ ការងារគ្រប់គ្រងសំរាម, ការងារថាមពល, ការងារដឹកជញ្ជូន, ការងារលូប្រឡាយ និងប្រព័ន្ធទឹកសម្អុយ, ការងារអភិរក្សបរិស្ថាន និងការងារផលិតផលបៃតង។
លោកបន្ដថា ក្នុងដំណើរទស្សនកិច្ចនេះ គឺទី១៖ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ រវាងរាជធានីភ្នំពេញ និងគីតា គ្យូស្ស៊ូ ក្នុងនាមជាទីក្រុងសម្ព័ន្ធមេត្រីភាព, ទី២៖ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ លើការអនុវត្តគម្រោង ដែលកំពុងតែអនុវត្ត រវាងទីក្រុងគីតាគ្យូស្ស៊ូ និងទីក្រុងភ្នំពេញ លើការគ្រប់គ្រងសំណល់រឹង នៅក្នុងរាជធានីភ្នំពេញ និងទី៣៖ ដើម្បីថ្លែងអំណរគុណ ដល់ក្រុមការងារ ក៏ដូចជាថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញ ដែលតែងតែចំណាយពេលវេលា ក្នុងការជួបពួកគាត់ នៅពេលដែលពួកគាត់មកបំពេញទស្សនកិច្ច នៅរាជធានីភ្នំពេញ៕