ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី ២០ ខែមករា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង បានអញ្ជើញជា អធិបតី ក្នុងពិធីបំពាក់ឋានន្តរសក្តិ ជូនដល់នាយទាហាន នៃកងរាជអាវុធហត្ថខេត្ត។
ពិធីបំពាក់ឋានន្តរសក្តិ ជូនដល់នាយទាហាន នៃកងរាជអាវុធហត្ថខេត្តស្វាយរៀង រួមមានថ្នាក់វរសេនីយ៍ឯកចំនួន ០២រូប។ លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី បានមានប្រសាសន៍ថា ដោយមានការដឹកនាំប្រកបដោយ ភាពប៉ិនប្រសព្វ និងឈ្លាសវៃ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពល ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលជានិច្ចកាល លោកនាយឧត្តមសេនីយ៍ តែងតែយកចិត្តទុកដាក់ខ្ពស់ ដល់សុខទុក្ខរបស់នាយ នាយរងអាវុធហត្ថគ្រប់រូប និងបានណែនាំ ចង្អុលបង្ហាញ ឱ្យកម្លាំងអាវុធហត្ថទាំងមូល ត្រូវប្រឹងប្រែងហ្វឹកហ្វឺន រៀនសូត្រ សិក្សាស្រាវជ្រាវ ដើម្បីកសាងខ្លួនឱ្យក្លាយទៅជាអាវុធហត្ថគំរូ ប្រកបដោយ ឆន្ទៈ ស្មោះត្រង់ ស្អាតស្អំ រាបសារ ឈ្លាសវៃ ក្លាហាន និងព្យាយាមតស៊ូ ធ្វើឲ្យកងរាជអាវុធហត្ថ ទូទាំងប្រទេស អនុវត្តន៍ការងារទទួលបានជោគជ័យ។
ដោយឡែក ចំពោះអាវុធហត្ថខេត្តស្វាយរៀង បានចូលរួមលះបង់កម្លាំងកាយ កម្លាំងចិត្ត ដើរតាមមាគ៌ាដឹកនាំរបស់ លោកនាយឧត្តមសេនីយ៍ ក្នុងបុព្វហេតុការពារ ជាតិ សាសនា ព្រះមហាក្សត្រ និងបំពេញការងារទៅតាមច្បាប់វិន័យកងទ័ព គោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស ព្រមទាំងមាន សីលធម៌ សុជីវធម៌ល្អ ជាប្រចាំ ចាត់ទុកខ្លួនឯងជាអ្នកបំរើរាស្ត្រគ្រប់ពេលវេលា និងបានប្តូរផ្តាច់ក្នុងការថែរក្សា សន្តិភាព សុវត្ថិភាព និងការអភិវឌ្ឍន៍ ដែលប្រទេសជាតិយើង កំពុងមានសព្វថ្ងៃ ឱ្យនៅ គង់វង្សរីកចម្រើន តទៅមុខជានិរន្តរ៍ ជាពិសេសលើកកំពស់ស្មារតី ស្រឡាញ់ ជឿជាក់ ស្មោះត្រង់ ប្តេជ្ញាការពារ នូវរាជរដ្ឋាភិបាល ស្របច្បាប់ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នៅគ្រប់កាលៈទេសៈ មិនឱ្យមាន បដិវត្តពណ៌ កើតឡើងជាដាច់ខាត។
ជាចុងបញ្ចប់ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានអំពាវនាវឱ្យអាវុធហត្ថខេត្តស្វាយរៀងទាំងអស់ សូមដាស់តឿនក្រេីនរំលឹកដល់ បងប្អូន ក្រុមគ្រួសារសាច់ញាត ត្រូវថែរក្សាអនាម័យសុខភាពឱ្យបានល្អ ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។
ពិធីនេះដោយមានការអញ្ជេីញចូលរួមពីសំណាក់ លោក លោកស្រី មេបញ្ជាការរង លោកនាយរងសេនាធិការដ្ឋាន លោកប្រធាន-អនុប្រធានមន្ទីរ លោក លោកស្រី នាយការិយាល័យ និងលោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក-ក្រុងផងដែរ។