ស្រុកកៀនស្វាយ៖នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាស្រុក លោក អ៊ូ ឈាង ប្រធានក្រុមប្រឹក្សាស្រុកកៀនស្វាយ បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកកៀនស្វាយ។ ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក នាយក នាយករងរដ្ឋបាលសាលាស្រុក មេបញ្ជាការកងកម្លាំងទាំងបី ប្រធាន អនុប្រធានការិយាល័យ អង្គភាពចំណុះរដ្ឋបាលស្រុក ប្រធាន អនុប្រធាន ការិយាល័យ អង្គភាពជុំវិញស្រុក មេឃុំ ស្មៀនឃុំ និងអស់លោក លោកស្រីមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
លោក សុខ ពិសិទ្ធ អភិបាលរងស្រុក តំណាងលោកអភិបាលស្រុកក៏បានកោតសរសើរដល់កងកម្លាំងគ្រប់ប្រភេទដែលបានខិតខំយកចិត្ត ទុកដាក់បំពេញការងារស្របតាមតួនាទី ភារកិច្ចរបស់ខ្លួន និងចូលរួមយ៉ាងសកម្មក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់បានល្អ ក្នុងភូមិសាស្ត្រស្រុក និងបង្ក្រាបបានបទល្មើសគ្រប់រូបភាពដែលជាការរួមចំណែកឲ្យស្រុកកៀនស្វាយមានភាពរីកចំរើន។
លោក អ៊ូ ឈាង ប្រធានក្រុមប្រឹក្សាស្រុក បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ទៅលើកិច្ចការរវាងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងការិយាល័យ អង្គភាពចំណុះរដ្ឋបាលស្រុក រួមជាមួយអាជ្ញាធរឃុំ ដែលបានខិតខំបំពេញការងារតាមតួនាទី ភារកិច្ចទទួលបានលទ្ធផលល្អ និងមានការទទួលខុសត្រូវខ្ពស់ និងជំរុញ លើកទឹកចិត្តដល់បណ្តាការិយាល័យ អង្គភាព និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តខិតខំបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនបន្ថែមទៀត ដើម្បីជួយលើកកម្ពស់ប្រសិទ្ធភាពការងារ និងអនុវត្តន៍សេចក្តីសម្រេចផ្សេងៗ ប្រកបដោយអភិបាលកិច្ចល្អរវាងក្រុមប្រឹក្សាស្រុក និងគណៈអភិបាលស្រុកសំដៅឆ្លើយតបបានតាមតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសត្រូវបន្តដោះស្រាយបញ្ហាប្រឈមនានាដែលនៅសេសសល់ ឱ្យទទួលបានជោគជ័យបន្ថែមទៀតផងដែរ។
ក្នុងឱកាសនោះលោក អ៊ូ ឈាង ប្រធានក្រុមប្រឹក្សាស្រុកកៀនស្វាយ បានថ្លែងអំណរគុណដល់គ្រប់ការិយាល័យ អង្គភាព រដ្ឋបាលឃុំ ដែលបានចូលរួមកិច្ចប្រជុំ ព្រមទាំងបានជំរុញលើកទឹកចិត្តឱ្យការិយាល័យ អង្គភាព រដ្ឋបាលឃុំទាំងអស់អនុវត្តកិច្ចការងារនេះឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត។