ព្រះសីហនុ នាព្រឹកថ្ងៃសៅរ៍ ២កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធ អញ្ជើញចុះត្រួតពិនិត្យករណីបាក់ទំនប់អាងស្តុកទឹករបស់ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតវាលរេញដោយសារជំនន់ទឹកភ្លៀងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ ដែលមានទីតាំងស្ថិតនៅភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានបណ្តាលឱ្យទឹកហូរច្រោះចេញអស់ពីអាង និងធ្វេីឱ្យសំណង់អាងចម្រោះទឹកស្អាតរងការខូចខាតទាំងស្រុង។
លោកប្រធានក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតវាលរេញ បានស្នេីសុំផ្អាកការផ្គត់ផ្គង់ទឹកចំនួនមួយថ្ងៃ ដេីម្បីរៀបចំតភ្ជាប់ប្រព័ន្ធទុយោពីអាងចម្រោះទឹកស្អាតបំរុង ដែលមានសមត្ថភាពអាចផ្គត់ផ្គង់បានប្រមាណ៥០ភាគរយនៃតំរូវការប៉ុណ្ណោះ។ ដោយឡែកក្រុមហ៊ុនបាន និងកំពុងធ្វើការជួសជុលទំនប់អាងទឹក និងរៀបចំសាងសង់អាងចម្រោះទឹកថ្មីឡេីងវិញ ដែលត្រូវចំណាយរយ:ពេល១ខែ១០ថ្ងៃ។
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានជម្រុញឱ្យក្រុមហ៊ុនធ្វើការជួសជុលទំនប់អាងទឹក និងសំណង់អាងចម្រោះនេះឱ្យបានឆាប់រួចរាល់ និងត្រូវរកវិស្វករធ្វើការសិក្សាឱ្យបានហ្មត់ចត់ស្របតាមស្តង់ដារបច្ចេកទេសខ្ពស់។ ក្នុងនោះឯកឧត្តម អភិបាលខេត្ត ក៏បានស្នេីសុំការយោគយល់ពីបងប្អូនប្រជាពលរដ្ឋ ចំពោះហេតុការណ៍ដែលបានកេីតឡេីង ដោយសារគ្រោះធម្មជាតិដ៏អាក្រក់នេះផងដែរ។