ព័ត៌មានជាតិ

លោកអភិបាលខេត្តកំពង់ចាម អ៊ុនចាន់ដា ចុះ​ពិនិត្វឌ្ឍនភាពនៃការសាងសង់ច្រាំងទន្លេ នៅ​ក្នុង​ក្រុង​កំពង់ចាម​ និង​ស្រុក​កោះសូទិន​

(កំពង់ចាម​)ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អ៊ុនចាន់ដាអមដំណើរ​ដោយ​អភិបាលរងខេត្ត​ ​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ និង​អជ្ញាធរ​មូលដ្ឋាន​ នាព្រឹក​ថ្ងៃ​ទី​១៥​ ខែមិថុនា​ ឆ្នាំ​២០២០នេះ​ បានអញ្ជើញចុះពិនិត្យការរដ្ឋានសាងសង់ច្រាំងទន្លេ នៅក្រោយសាលាសង្កាត់កំពង់ចាម ក្រុងកំពង់ចាម​ ព្រមទាំង​ចុះ​ពិនិត្យ​​ការរដ្ឋានសាងសង់ច្រាំងទន្លេ នៅភូមិពង្រលិច ឃុំពង្រ ស្រុកកោះសូទិន​ ផងដែរ​ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ការសាងសង់ខឿនច្រាំងទន្លេនៅជាប់ខាងក្រោយសាលាសង្កាត់កំព់ងចាម ប្រវែង១៨៥ម៉ែត្រ ស្ថិត​នៅ​ក្នុង​ក្រុងកំពង់ចាម ដោយចំណាយ​កញ្ចប់​ថវិការបស់រដ្ឋបាលខេត្តកំពង់ចាម ត្រូវ​បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២០​ កន្លងទៅ​ថ្មីៗ​នេះ​។

ដោយ​ឡែក​ច្រាំងទន្លេ នៅក្នុងភូមិពង្រលិច ឃុំពង្រ ស្រុកកោះសូទិន បាន​រងការបាក់ស្រុត​កាលពីពេលថ្មីៗនេះ​ បណ្តាល​ឲ្យ​ប៉ះពាល់ហេដ្ឋរចនាសម័្ពន្ធ​ផ្លូវ​កៅស៊ូនៅចំណុចនោះ។ ដោយមើលឃើញពីផលប៉ះពាល់ និងការគំរាមកំហែងនៅតំបន់​នោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឲ្យក្រុមការងារបច្ចេកទេសមន្ទីរធនធានទឹក និងឧតុនិយម ចុះសិក្សាលក្ខណៈបច្ចេកទេសយ៉ាងម៉ត់ចត់។

ជាមួយគ្នានេះ រដ្ឋបាលខេត្ត បានអនុញ្ញាតិឲ្យ វិស័យឯកជនដែលមានបទពិសោធន៍លើការងារសាងសង់ច្រាំង ធ្វើការសាងសង់ខឿនការពារច្រាំងទន្លេនៅទីតាំងខាងលើនេះ​ ដោយប្រើប្រាស់​កញ្ចប់​ថវិកាប្រចាំឆ្នាំរបស់រដ្ឋបាលខេត្ត។​

ដែល​ធ្វើ​ឲ្យ​បងប្អូនប្រជាពលរដ្ឋ មានសេចក្ដីសប្បាយរីករាយ និង​អបអរ​សាទរចំពោះសំណង់ខឿនការពារច្រាំងទន្លេ នៅឃុំពង្រ ដែលដឹកនាំការកសាងដោយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។

ជាមួយគ្នានោះ​បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់តំបន់នោះ ពិសេស​អ្នក​ដែលរស់នៅជុំវិញតំបន់រងគ្រោះដោយការបាក់ស្រុតច្រាំងទន្លេនេះ​ បាន​ថ្លែង​អំណរគុណចំពោះឯកឧត្តមអភិបាលខេត្ត ដែលបានយកចិត្តទុកដាក់ គិតគូពីសុខទុក្ខរបស់​ប្រជាពលរដ្ឋ​ ដោយបានសាងសង់ខឿនការពារច្រាំងទន្លេនេះឡើង ដើម្បីបញ្ចៀសនូវផលវិបាកនាពេលខាងមុខ​៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *