ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង ៖ ក្នុងរយៈពេល២៦ថ្ងៃ នៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ សមត្ថកិច្ចជំនាញឃាត់យានយន្ដល្មើសច្បាប់ជិត៤ម៉ឺនគ្រឿង

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈគណ:កម្មាធិការជាតិសុវត្ដិភាពចរាចរណ៍ផ្លូវគោក បានមានប្រសាសន៍ថា ក្នុងរយៈពេល២៦ថ្ងៃ នៃការរឹតបន្ដឹងច្បាប់​ចរាចរណ៍ផ្លូវគោកនៅប្រទេសកម្ពុជា សមត្ថកិច្ច បានធ្វើការឃាត់​យានយន្ដល្មើសច្បាប់បានចំនួន៣៨១៨៩គ្រឿង ក្នុងនោះ ម៉ូត២៧៨១២គ្រឿង និងរថយន្ដចំនួន១០៣៧៧គ្រឿង។

ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ជាតិស្ដីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០១៩ និងទិសដៅការងារ ឆ្នាំ២០២០ របស់ គ.ជ.ប.ជ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ ២០២០ នៅស្ដីការក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានឲ្យដឹងថា មានប្រជា​ពលរដ្ឋ​ច្រើនលើសលុប ចូលរួមគាំទ្រការរឹតបន្ដឹងច្បាប់ចរាចរណ៍ ព្រមទាំងគោរពច្បាប់ចរាចរណ៍ផងដែរ។

សម្ដេចក្រឡាហោម មានប្រសាសន៍ថា «លទ្ធផលរឹតបន្ដឹង​ច្បាប់ចរាចរណ៍ រយៈពេល២៦ថ្ងៃ ពិន័យ ៣៨១៨៩ករណី ក្នុងនោះ ម៉ូតូ ២៧៨១២គ្រឿង ស្មើនឹង៧៣% មួក៧៩% សញ្ញា ចរាចរណ៍ ១០% ស្រវឹង១% លើសចំណុះ១% ទូរស័ព្ទ១%។ ចំណែករថយន្ដ ១០៣៧៧ករណី ស្នើនឹង២៧% ខ្សែក្រវ៉ាត២៧% ល្បឿន៣០% ទូរស័ព្ទ៧% សញ្ញាចរាចរណ៍៨% លើសចំណុះ ៥% អត់បណ្ណបើកបរ៣% អត់ផ្លាកលេខ២% ស្រវឹង១%»។

សម្ដេចក្រឡាហោម ក៏បានអំពាវនាវទៅដល់សមត្ថកិច្ចចំពោះគោល​ការណ៍រឹតបន្ដឹងច្បាប់ចរាចរណ៍ មិនដកថយឡើយ គឺត្រូវអនុវត្ដបន្ដទៀត ដើម្បីធ្វើយ៉ាងណាកាត់បន្ថយគ្រោះថ្នាក់ចរាចណ៍នៅកម្ពុជា។ ជាពិសេស សមត្ថកិច្ចត្រូវមានការគោរពក្រមសីលធម៌វិជ្ជាជីវៈ ទន់ភ្លន់ តែម៉ឺងម៉ាត់ ដើម្បីការគាំទ្រ និងចូលរួមពីប្រជាពលរដ្ឋ។

សម្ដេចក្រឡាហោម នៅតែបញ្ជាក់បន្ថែមទៅកាន់ សមត្ថកិច្ចទាំងអស់ថា មិនត្រូវឃាត់រថយន្ដណា ដែលមិនល្មើស ច្បាប់ឡើយ ប៉ុន្តែ បើសិនមានរថយន្ដល្មើសច្បាប់ សមត្ថកិច្ចត្រូវសួរនាំរក​ឯកសារពាក់ព័ន្ធទាំងអស់៕

 

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *