ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០នេះ ឯកឧត្ដម ហេង ពិទូ ប្រធាន ស.ស.យ.ក. ខេត្តកំពង់ឆ្នាំង អញ្ជើញដឹកនាំយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងស្រុកទឹកផុស ដើម្បីបំផុស ផ្សព្វផ្សាយនូវវិធានការការពារជំងឺឆ្លងកូវីដ ១៩ ជូនដល់ប្រជាពលរដ្ឋ តាមទីប្រជុំជន នៅផ្សារភូមិចាស់ ឃុំតាំងក្រសាំង និងផ្សាររមាស ស្ថិតក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីលោក សាំង សុឃឿន អភិបាលស្រុកស្ដីទី ព្រមទាំង អាជ្ញាធរឃុំ កងកម្លាំងមានសមត្ថកិច្ច។
ក្នុងនោះក្រុមការងារ បានណែនាំ អំពីវិធានការ ការពារ ការរីករាលដាល នៃមេរោគ កូវីដ ១៩ ក្នុងពេលលក់ដូរ ប្រកបការងារផ្សេងៗ និងការធ្វើដំណើរ ស្របតាមការណែនាំ របស់ក្រសួងសុខាភិបាល នៅតាមទីសាធារណៈ និងដោយបានចាក់ឃោសនសព្ទ និងចែកខិតប័ណ្ណ បិទសារអប់រំ នៅតាមហាងលក់ដូរ និងកន្លែងធ្វើដំណើរ ដើម្បីអោយបងប្អូនប្រជាពលរដ្ឋចេះធ្វើអនាម័យ និងដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ការរីករាលដាលជំងឺ Covid-19 ថ្មីនេះ។
ក្នុងឱកាសនោះដែរ ឯកឧត្ដម ហេង ពិទូ ប្រធាន ស.ស.យ.ក. ខេត្ត ធ្វើការប្រគល់សម្ភារ:ជូនដល់ ស.ស.យ.ក.ស្រុកទឹកផុស រួមមាន៖ ១.ម៉ាស់ ៤០០, ២.ខិតប័ណ្ណ ១០០០សន្លឹក, ៣.បដា ១.៥ម×៤ម ២ផ្ទាំង, ៤.អាកុល ២យួរ និងថវិកា ចំនួន ២០០ ០០០រៀល ដល់ ស.ស.យ.ក.ស្រុក និងឃុំ ផងដែរ ៕