(ខេត្រសៀមរាប)សិក្ខាសាលាពិភាក្សាជាមួយអង្គភាពពាក់ព័ន្ធការអនុវត្តច្បាប់ ស្តីពីរបបសារព័ត៌មាន
នាព្រឹកថ្ងៃព្រហស្បតិ៍ ៦ រោច ខែជេស្ន ឆ្នាំជូត ទោស័ក ព ស ២៥៦៤ ត្រូវនិងថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០២០ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប អញ្ជើញបើកសិក្ខាសាលាពិភាក្សាជាមួយអង្គភាពពាក់ព័ន្ធការអនុវត្តច្បាប់ ស្តីពីរបបសារព័ត៌មាន នៅសណ្ឋាគារ តារារង្សី ក្រុងសៀមរាប ខេត្តសៀមរាប នៅក្នុងពិធីបើកនេះលោកបានមានប្រសាសន៍ថា សិទ្ធរបស់អ្នកសារព័ត៌មាន គឺត្រូវមានព្រំដែន ហើយ ត្រូវបានកំណត់ដោយច្បាប់ ជាមួយគ្នានេះអ្នកសារព័ត៌មានទាំងអស់ក៍ត្រូវប្រកាន់ភ្ជាប់នូវច្បាប់ ក្រមសីលធម៌ វិជ្ជាជីវៈ តាមការណែនាំរបស់ក្រសួងព័ត៌មាន ។
លោក ពៅ ពិសិដ្ឋ បានបន្តថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើបញ្ហារបបសារព័ត៌មាន ហើយរដ្ឋាភិបាលក៏បានរៀបចំគោលការណ៍ជាច្រើនដើម្បីជាប្រយោជន៍ដល់អ្នកសារព័ត៌មាន ដូចជាច្បាប់ស្តីពីររបបសារព័ត៌មាន ក្រមសីលធម៌ និងក្រមព្រហ្មទណ្ឌជាដើម។ ជាមួយគ្នានេះ អ្នកសារព័ត៌មានទាំងអស់ត្រូវប្រើប្រាស់សិទ្ធឱ្យស្របច្បាប់ និងតួនាទីរបស់ខ្លួន ។ ប៉ុន្តែអង្គភាពមួយចំនួន បានប្រើប្រាស់តួនាទី និងសិទ្ធរបស់ខ្លួនខុស ខ្លះធ្វើការងារជំនួសសមត្ថកិច្ច ដែលវាប្រាសចាកពីក្រមសីលធម៌ និងវិជ្ជាជីវៈ ច្បាប់ស្តីពី របបសារព័ត៌មាន និងច្បាប់ពាក់ព័ន្ធនានាមួយចំនួនទៀត។ លោក បានអំពាវនាវឱ្យអ្នកសារព័ត៌មានទាំងអស់ យកមនសិកាមកសរសេរព័ត៌មាន និងជួយផ្សព្វផ្សាយពីផលិតផលទេសចរណ៍ក្នុងខេត្តផង។
លោក លីវ សុខុន ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប បានឱ្យដឹងថា សិក្ខាសាលាថ្ងៃនេះ បានជំរុញឱ្យមានការគោរពច្បាប់ក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន និងបង្ខិតឲ្យជិតគ្នាស៊ីសង្វាក់ ធ្វើការជាមួយគ្នារវាងអាជ្ញាធរខេត្ត មន្ទីរព័ត៌មានខេត្ត និងអ្នកសារព័ត៌មាន គ្រប់និន្នាការទាំងអស់ក្នុងខេត្តសៀមរាប ។ ពិធីបើកនេះមានការអញ្ជើញចូលរួមពីលោកមេធាវី អ៊ុន ច័ន្ទថុល តំណាងនាយកប្រតិបត្តិអង្គការជំនួយផ្នែកច្បាប់នៅកម្ពុជា LAC និងសមាជិក សមាជិក នៃអង្គសិក្ខាសាលាចំនួន ៤០នាក់៕ ដោយ លន់ចាប