ព័ត៌មានសន្តិសុខសង្គម

សង្វៀនជល់មាន់ នៅក្នុងក្រុងប៉ោយប៉ែត បើកលេងដោយរំភើយសមត្ថកិច្ចបែជាមើលរំលង…

ចុះផ្សាយថ្ងៃទី ២៧ ខែ​មេសា ២០២០
បន្ទាយមានជ័យ៖ សង្វៀនជល់មាន់មួយកន្លែង បើកលេងដោយចំហ បង្អួតសមត្ថកិច្ចក្រុងប៉ោយប៉ែត នៅតាមបណ្តោយផ្លូវ ចាក់ថ្មមិកមួយខ្សែហាក់ដូចជាគ្មានការរំខានដល់សមត្ថកិច្ចឡើយ ដែលបច្ចុប្បន្ននេះ កំពុងមានប្រជាប្រិយយ៉ាងខ្លាំងក្នុងការទាក់ទាញអ្នកញៀនល្បែង ដោយមិនខ្លាច សមត្ថកិច្ច និងបទបញ្ជាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីត១៩ របស់ប្រមុខរាជរដ្ឋាភិបាលឡើយ។

តែផ្ទុយទៅវិញទីតាំងសង្វៀនជល់មាន់ដែលអាចបើក
ដំណើរការទៅបាន ស្ថិតនៅចំណុចដីចំការខ្នុរក្នុងភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលគេដឹងថា ថៅកែបើកសង្វៀនមាន់នេះ គេហៅថា លោក ហ៊ាងក្បាលដែក។តាមប្រភពជាច្រើន បានឲ្យដឹងថា សង្វៀនជល់មាន់ខាងលើ ប្រហែលជាមានខ្សែធំណាស់មើលទៅបានជាសមត្ថកិច្ចនៅក្រុងប៉ោយប៉ែត មិនហ៊ានធ្វើការបង្ក្រាប។ មុនដំបូងគេឃើញនៅលេងនៅចំការស្វាយ សង្កាត់.ក្រុងប៉ោយប៉ែត ជាប់របងដីរបស់អភិបាលរងខេត្តបន្ទាយមានជ័យ ក្រោយមកបានប្តូរកន្លែង ទៅទីតាំងខាងលើ។

សង្វៀនបញ្ជល់មាន់នេះ ទំនងដូចជាមានខ្សែធំដូចគេល្បីមែនហើយ ទើបហ៊ានថ្លើមធំបំពានច្បាប់ និងបំពានបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ដែលកំពុងមានចំណាត់ការការពារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីត១៩ ទូទាំងប្រទេស តែបែរជាសង្វៀនមាន់ខាងលើ ប្រមូលផ្តុំគ្នាលេងយ៉ាងសប្បាយរីករាយ ជារៀងរាល់ថ្ងៃ គ្មានសមត្ថកិច្ចណាហ៊ានរំខានឡើយ ខុសពីសង្វៀនមាន់តូចតាចតាមភូមិលេងលាក់ខ្លួនតាមដុបតាមព្រៃ ក៏ត្រូវបានសមត្ថកិច្ចដេញចាប់ វាយខ្នោះផងដែរ។

ប្រភពដដែលបានបន្តថា ដោយឡែកសម្រាប់សង្វៀនជល់មាន់ ជាពិសេសមាន់បំពាក់ខ្នាយដែក ស៊ីសងលឿនៗៗ និងភ្នាល់លុយរាប់លានរៀល គឺគេបើកលេងរាល់ថ្ងៃ ព្រមទាំងមានអ្នកញៀនល្បែងខ្មែរ នៅក្បែរខាងក៏បានចូលទស្សនាលេង ព្រមទាំងភ្នាល់ជាលុយផងដែរ ដោយគ្មានការភ័យខ្លាចក្នុងការចាប់ចងពីសំណាក់សមត្ថកិច្ចណាមួយឡើយ។

ប្រជាពលរដ្ឋ បានសំណូមពរ ដល់លោកស្នងការ ខេត្តបន្ទាយមានជ័យ អាត់ ខែម ជួយទប់ស្កាត់ អំពីបញ្ហាល្បែងស៊ីសងទាំងនេះផង ព្រោះវាអាចប៉ះពាល់ដល់គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព នៅក្នុងមូលដ្ឋាន ហើយពលរដ្ឋកំពុងរងចាំមើល លោកស្នងការ អាត់ ខែម នឹងសមត្ថកិច្ចក្នុងមូលដ្ឋាន ចាត់វិធានការ យ៉ាងណា លើល្បែងស៊ីសងជល់មាន់មួយកន្លែងនេះបែបណា។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *