ខេត្តតាកែវ៖ ដោយអនុវត្តតាមបទបញ្ជា ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត ក្នុងការបង្ការ ទប់ស្កាត់បទល្មើសគ្រឿងញៀនក្នុងមូលដ្ឋានខេត្តតាកែវ ជាពិសេសដំណាំកញ្ឆាខុសច្បាប់នៅស្រុកគិរីវង់ ជាក់ស្តែងនៅថ្ងៃព្រហស្បតិ៍ ៩រោច ខែចេត្រ ឆ្នាំជូត ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តតាកែវ ដឹកនាំដោយលោក វរសេនីយ៍ឯក ឈៀង សុន ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន និងលោកវរសេនីយ៍ឯក ព្រហ្ម វាសនា ស្នងការរង ទទួលការិយាល័យកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល រួមជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកគិរីវង់ បានចុះបង្ក្រាបទីតាំងដំណាំកញ្ឆាខុសច្បាប់ ដែលជនខិលខូចលួចដាំនៅតាមជួរភ្នំបាយ៉ងកោ ត្រង់ចំណុចដុបមហាឥសី ស្ថិតនៅក្នុងភូមិសាស្រ្ត ឃុំព្រៃអំពក ស្រុកគិរីវង់ ខេត្តតាកែវ បានចំនួន៥ទីតាំងលើផ្ទៃដីដាំដុះសរុប១.៩៧៥ម៉ែត្រការ៉េ និងបានបំផ្លាញចោលអាងស្តុបទឹកចំនួន០៧កន្លែងផងដែរ ។
បច្ចុប្បន្នកម្លាំងជំនាញកំពុងស្រាវជ្រាវស្វែងរកជនល្មើស ដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ចំណែកដើមកញ្ឆាត្រូវបានបំផ្លាញចោលនៅនឹងកន្លែង ៕