ខេត្តកណ្តាល៖ ជនជាតិខ្មែរអុីស្លាម១២នាក់ ដែលត្រូវសង្ស័យថាពាក់ព័ន្ធនឹងការឆ្លងមេរោគកូវីដ១៩ ហើយដាក់ឱ្យនៅដាច់ដោយឡែកចំនួន១៤ថ្ងៃ នៅក្នុងវិទ្យាល័យហ៊ុនសែនតាខ្មៅ ត្រូវបានធ្វើតេស្តជាលើកចុងក្រោយ ដោយលទ្ធផល «អវិជ្ជមាន» មានន័យថា មិនមានឆ្លងកូវីដ១៩ឡើយ។ ពួកគាត់ត្រូវបានអនុញ្ញាតឱ្យត្រលប់ទៅផ្ទះវិញហើយ នៅវេលាថ្ងៃត្រង់ទី០៦ ខែមេសា ឆ្នាំ២០២០នេះ ក្រោមការជូនដំណើរ និងជួយឧបត្ថម្ភពីសំណាក់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ។
ក្នុងឱកាសនេះ ឯកឧត្តម អភិបាលខេត្ត បានផ្ដាំផ្ញើដល់បងប្អូនទាំង១២នាក់ សូមថែទាំសុខភាពឱ្យបានល្អ ហាត់ប្រាណជាប្រចាំ រស់នៅស្អាត ហូបស្អាត ផឹកស្អាត ឧស្សាហ៍លាងដៃនឹងសាប៊ូ ឬទឹកអាល់កុល។ ពេលទៅផ្ទះ សូមស្នាក់នៅដាច់ដោយឡែកសិន កុំនៅជិតគេជិតឯងរយៈពេល១៤ថ្ងៃទៀត ដើម្បីបង្រ្គប់កិច្ច ឱ្យអស់ចិត្តដ្បិតបងប្អូនបានជាសះស្បើយហើយក្ដី ប៉ុន្តែត្រូវតែការពារខ្លួននិងគ្រួសារមួយរយះពេលទៀត ធ្វើយ៉ាងការពារកុំឱ្យមានបញ្ហាផ្សេងៗទៀត។
ឯកឧត្តមអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់ក្រុមគ្រួសាររបស់លោកផងដែរ សូមរក្សាគម្លាតនិងការពារខ្លួនទាំងអស់គ្នា ហើយពិសេសផ្ដល់អាហារមានវីតាមីន សារធាតុចិញ្ចឹមដល់គាត់ឱ្យបានគ្រប់គ្រាន់ និងផ្ដល់សម្ភារការពារខ្លួនដូចជាម៉ាស់ អាល់កុល ទឹកសម្លាប់មេរោគ ឬសាប៊ូដល់គាត់ ដើម្បីឱ្យគាត់រក្សាអនាម័យឱ្យបានខ្ចាប់ខ្ចួន។
អំណោយដែលពួកគាត់ទទួលបានទាំង១២នាក់ ក្នុងម្នាក់ៗរួមមាន៖អង្ករ៣០គីឡូក្រាម មីខ្លាឃ្មុំ១កេស ទឹកបរិសុទ្ធ១កេស ទឹកដោះគោឆៅ ចំណុះ១លីត្រ៤ប្រអប់ អាកុល១ដប និងថវិកា២០ម៉ឺនរៀល។