ព័ត៌មានជាតិ

ការបញ្ចប់រយៈពេល១៤ថ្ងៃក្នុងការតាមដាននៅដាច់ ដោយឡែកអ្នកដែលពាក់ព័ន្ធប៉ះពាល់ជាមួយបុគ្គលវិជ្ជមានមេរោគ COVID-19ទាំង៧នាក់ ក្នុងខេត្តសៀមរាប

ខេត្តសៀមរាប៖ នាថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ តាមការបញ្ជាក់របស់មន្ទីរសុខាភិបាលខេត្តថា បើគិតមកដល់ថ្ងៃនេះក្នុងខេត្តសៀមរាបបានបញ្ចប់នូវការតាមដាន ដោយដាក់នៅដោយឡែករយៈពេល១៤ថ្ងៃ ចំពោះអ្នកដែលពាក់ព័ន្ធប៉ះពាល់ដោយផ្ទាល់និងដោយប្រយោល ជាមួយបុគ្គលវិជ្ជមានមេរោគ COVID-19 ទាំង៧នាក់ ក្នុងខេត្តសៀមរាប (បានជាសះស្បើយជនជាតិខ្មែរ២នាក់, ៥នាក់កំពុងតែស្ថិតនៅបន្តការព្យាបាលក្នុងមន្ទីរពេទ្យ ដែលក្នុងនោះមានជនបរទេស២នាក់, បុរសខ្មែរ១នាក់, ស្រ្តីខ្មែរ១នាក់ និងក្មេងប្រុសម្នាក់) ។

សូមគោរពថ្លែងអំណរគុណ ចំពោះក្រុមគ្រូពេទ្យ មន្ទីរសុខាភិបាល និងសមត្ថកិច្ចពាក់ព័ន្ធគ្រប់ថ្នាក់ក្នុងការចូលរួមប្រយទ្ធនឹងការរីករាលដាលជំងឺកូវីដ តាមរយៈការគាំទ្រ ការសម្របសម្រួល និងសហការ ក្នុងការប្រតិបត្តិការងារច័ត្តាឡីស័ក។

ជាមួយគ្នានេះ ក្រុមគ្រូពេទ្យជំនាញ ក្រុមការងារច័ត្តាឡីស័ក និងក្រុមការងារឆ្លើយតបបន្ទាន់ នៃមូលដ្ឋានសុខាភិបាលសាធារណៈខេត្តសៀមរាបនឹងខិតខំបន្តការងារពិនិត្យស្រាវជ្រាវ រកអ្នកដែលប្រឈមមុខនៃការឆ្លងមេរោគ COVID-19 នេះ ក្នុងខេត្តសៀមរាបបន្តទៀត ជាពិសេស ក្នុងចំណោមបងប្អូនប្រជាពលរដ្ឋដែលត្រលប់មកពីបរទេស ដែលបាននិងកំពុងតែដាក់ឲ្យអនុវត្តនូវវិធានការរស់នៅដោយឡែក រយៈពេល១៤ថ្ងៃ នៅតាមមូលដ្ឋាន តាមក្រុមគ្រួសាររៀងៗខ្លួន។

អាជ្ញាធរខេត្ត ក៏ដូចជាមន្ទីរសុខាភិបាលសង្ឃឹមនិងជឿជាក់ថាបងប្អូនប្រជាពលរដ្ឋគ្រប់ៗគ្នា អាជ្ញាធរមូលដ្ឋាន ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ស្ថាប័ន វិស័យឯកជនទាំងឡាយនឹងធ្វើការរួមកំលាំងប្រយុទ្ធប្រឆាំង នឹងការឆ្លងមេរោគ COVID-19 នេះក្នងខេត្តសៀមរាប ឲ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *