ខេត្តតាកែវ៖ នៅវេលាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ ម៉ោង១០:០០នាទី កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តតាកែវ សហការជាមួយកម្លាំងជំនាញនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការវែកមុខសញ្ញា រហូតឈានដល់ចុះបង្ក្រាបឃាតករ០១នាក់ នៅចំណុចមុខបន្ទាយង៧០ ស្ថិតក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ប្រភពពីសមត្ថកិច្ចបានអោយ Online Reporter ដឹងថា ជនសង្ស័យជាឃាតករខាងលើមានឈ្មោះ ផូ ថុន ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិឈើលំ ឃុំមហាឬស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានធ្វើប្រើកាំភ្លើងបាញ់ទៅលើជនរងគ្រោះឈ្មោះ កង នី ភេទស្រី អាយុ៣៥ឆ្នាំ នៅចំណុចភូមិត្រពាំងព្រេច ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ បណ្តាលឱ្យរងរបួសធ្ងន់ កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ ហើយបានរត់គេចខ្លួន ដោយសារតែទំនាស់ពាក្យសំដីគ្នា។ ប្រភពបានបន្តថា ជនសង្ស័យគឺជាអតីតប្តី របស់ជនរងគ្រោះ ដែលបានលែងលះគ្នាយូហើយ ហើយរឿងដែលនាំអោយជនសង្ស័យបាញ់ជនរងគ្រោះ គឺបណ្តាលមកពីខឹងជនរងគ្រោះវាយកូន ។
តាមចម្លើយសារភាពរបស់ឈ្មោះ ផូ ថុន កម្លាំងជំនាញបានបន្តស្រាវជ្រាវឃាត់ខ្លួនបក្ខពួកចំនួន០២នាក់ទៀតរួមមានឈ្មោះ ហុន រិទ្ធី ភេទប្រុស អាយុ២៦ ឆ្នាំ រស់នៅភូមិបឹងក្អែក ឃុំពានមានជ័យ ស្រុកពាមរ៏ក ខេត្តព្រៃវែង(មុខសញ្ញាលួចម៉ូតូ)ឃាត់ខ្លួននៅចំណុចបន្ទប់ជួលស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងឈ្មោះ រីម រ៉ាន ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិប្រាសាទ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ (មុខសញ្ញាលួចម៉ូតូ)។
ក្រោយឃាត់ខ្លួនកម្លាំងជំនាញដកហូតបានកាំភ្លើងខ្លីម៉ាក K59 ចំនួន០១ដើម ម៉ូតូ០២គ្រឿង និងសម្ភារៈមួយចំនួន ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការតាមនីតិវិធី ។