ព័ត៌មានជាតិ

ឯកឧត្ដម វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជើញជួបប្រជុំ សំណេះ​សំណាល​​ជាមួយ​មន្ត្រីរាជការសាលាខេត្ត

ខេត្តក្រចេះ៖ នារសៀលថ្ងៃអង្គារ ទី២៨ ខែមករា ឆ្នាំ២០២០ ឯកឧត្ដម វ៉ា ថន អភិបាលខេត្តក្រចេះ បានអញ្ជើញជួបប្រជុំសំណេះសំណាល​មន្ត្រីរាជការសាលាខេត្ត ដោយមានការចូលរួមពីសំណាក់ លោក លោកស្រី អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលខេត្ត នាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាព ប្រធាន អនុប្រធានការិយាល័យ ចំណុះទីចាត់ការសាលាខេត្តក្រចេះ ។

មានប្រសាសន៍សំណេះសំណាលជាមួយមន្ត្រីរាជការ នាឱកាសនោះ ឯកឧត្ដម វ៉ា ថន អភិបាលខេត្ត បានផ្តោតការ​យកចិត្តទុកដាក់ និងវាយតម្លៃខ្ពស់ចំពោះមន្រ្តីរាជការ ដែលកន្លងមកបានប្រឹងប្រែងដោះស្រាយរាល់បញ្ហាលំបាកស្មុកស្មាញនានា ជាពិសេសបញ្ហាផ្តល់សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ ។

ឯកឧត្ដម អភិបាលខេត្ត ក៏បានជម្រាបជូនផងដែរ អំពី​សភាពការណ៍​​វិវត្តន៍រីកចម្រើនថ្មីៗលើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយកិតិបណ្ឌិត​របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងការចូលរួម​ចំណែកយ៉ាងសស្រាក់សស្រាំ ពីកម្លាំងមហាសាមគ្គីរបស់​ប្រជាពលរដ្ឋយើងនៅគ្រប់មជ្ឈដ្ឋាន រហូតមានលទ្ធផល​ដូចសព្វថ្ងៃ។រាជរដ្ឋាភិបាលកំពុងអនុវត្តនូវកំណែទំរង់​ស៊ីជំរៅ​លើគ្រប់វិស័យ ដើម្បីដោះស្រាយទប់ស្កាត់លុបបំបាត់ឲ្យស្ថិត​នៅក្នុងកម្រឹតតិចតួចហើយដែលមិនប៉ះពាល់ធ្ងន់ធ្ងរដល់ប្រជាជនដែលនាំឲ្យគាត់បាត់ជំនឿលើការដឹកនាំរបស់យើង។

ឯកឧត្តមអភិបាលខេត្ត បានណែនាំឲ្យមន្រ្តីរាជការទាំងអស់ត្រូវ​អភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនបន្ថែមទៀតតាមរយៈការស្វែងយល់នូវរាល់លិខិតបដ្ឋានកត្តិយុត្តិ កម្មវិធីកំណែទម្រង់​នានារបស់​រាជរដ្ឋាភិបាល និងត្រូវបន្តយកចិត្តទុកដាក់ក្នុងការបំរើការងារ និងសេវាសាធារណៈ ជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងឆាប់រហ័ស។

ចំពោះបញ្ហាសុខភាព ត្រូវ​ប្រយ័ត្ន​ប្រយែង ថែទាំឲ្យបានល្អ និងរឹងមាំជាពិសេសត្រូវប្រុង​ប្រយ័ត្ន​ចំពោះ​ហានិភ័យនៃការឆ្លង និងចម្លងជម្ងឺរលាកសួតប្រភេទថ្មី ដែលកំពុងកើតនៅក្នុងប្រទេសចិន និងបានឆ្លងរាលដាលជា​ច្រើនករណីទៀតនៅបណ្តាប្រទេសធំៗ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *