ព័ត៌មានជាតិ

​ពិធី​សម្ពោធ​ពិព័រណ៍​ផលិតផល​សក្តានុពល​ខេត្ត​កំពត លើក​ទី​៤ ឆ្នាំ​២០១៩

(​ខេត្ត​កំពត​) ដោយ​មាន​ការសម្របសម្រួល​រៀបចំឡើង​ដោយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​កំពត​ក្នុង​គោលបំណង​ជំរុញ​សកម្មភាព​ពាណិជ្ជកម្ម​និង​វិនិយោគ​ក្នុង​ខេត្ត​កំពត​ឱ្យ​កាន់តែ​រី​ចម្រើន​នោះ ពិព័រណ៍​ផលិតផល​សក្តានុពល​ខេត្ត​កំពត​លើក​ទី​៤ ឆ្នាំ​២០១៩ ត្រូវបាន​សម្ភោ​ធ​បើក​បង្ហាញ និង​ដាក់តាំង​លក់​ជូន​អតិថិជន ភ្ញៀវ​ទេសចរណ៍ និង​ប្រជាពលរដ្ឋ​ដែល​ពិធី​នេះ​បាន​ចាប់ផ្ដើម​ធ្វើឡើង​នៅ​រសៀល​ម៉ោង​៤ ថ្ងៃទី​៩ ខែ​ឧសភា ឆ្នាំ​២០១៩ ក្រោយ​អធិបតីភាព លោក ស៊ឹម វុទ្ធា អភិបាលរង​ខេត្ត តំណាង លោក ជាវ​តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត​។​

​ព្រឹត្តិការ​នេះ​ប្រព្រឹត្តិ​ទៅ​ក្នុង​បរិវេណ​មាត់​ព្រែក ក្បែរ​រូបសំណាក់​ព្រះអង្គដួង ដែល​ស្ថិត​ក្នុង​សង្កាត់​កំពង់​កណ្ដាល​ក្រុង​កំពត​មាន​រយៈពេល​៥​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​៩ ដល់​ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ​២០១៩ អម​ដោយ​ការប្រគុំ​តន្ត្រី​រៀងរាល់​រាត្រី​ផងដែរ​ដើម្បី​ផ្តល់​ភាពសប្បាយ​រីករាយ​។ នៅក្នុង​ពិព័រណ៍​នោះ មាន​ស្តង់​សរុប​ចំនួន ៦០ ស្តង់ ក្នុងនោះ​ក៏​មាន​ស្តង់​ផលិតផល​ស​កត្តា​នុព​ល​របស់​ខេត្ត​កែប និង​តាកែវ​ផងដែរ​។​

​លោក​ស៊ឹម វុទ្ធា អភិបាលរង​ខេត្ត​បាន​មានប្រសាសន៍​នៅក្នុង​ពិធី​សម្ភោ​ធ​នោះ​ថា​៖ ពិព័រណ៍​ផលិតផល សក្តានុពល​ខេត្តកំពត រៀបចំ​ឡើង​ពេលនេះ​ដើម្បី​ជំរុញ​សកម្មភាព​ពាណិជ្ជកម្ម និង​វិនិយោគ​ក្នុង​ខេត្ត​កំពត ពិសេស​ជំរុញ​ការនាំចេញ ផលិតផល​សក្តានុពល​របស់​ខេត្ត​កំពត ទៅកាន់​បណ្តា​ខេត្ត​ផ្សេងៗ ក៏​ដូច​ជា​ទៅ​កាន់​ទីផ្សារ​ពិភពលោក ដើម្បី​រួមចំណែក​ក្នុង​ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​រ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​អន្តរជាតិ​លើ ផលិតផល​ឧស្សាហកម្ម សិប្បកម្ម កសិកម្ម និង​វិស័យ​ទេសចរណ៍​ផង​ដែរ​។​

​លោក​អភិបាលរង​ខេត្ត​បន្តទៀតថា​៖​តាមរយៈ​ពិព័រណ៍​នេះ គឺ​ក៏​ចង់​បង្ហាញ​ដល់​សាធារណ​:​ជន​ទាំង​ជាតិ និង​អន្តរជាតិ​ថា ខេត្ត​កំពត​គឺជា​ខេត្ត​មួយ​ដែល​មាន​ផលិតផល​សក្តានុពល​ជាច្រើន​ដូចជា​៖ ស៊ីម៉ង់ត៍ អំបិល ផលិតផល​ផ្កាអំបិល ម្រេច​កំពត ទុរេន សាវម៉ាវ មង្ឃុត ដូង ស្វាយ ចេក ស្រូវ​អង្ករ​ជាដើម ។​មិនតែប៉ុណ្ណោះ​ខេត្តកំពត​ក៏​មាន​រោងចក្រ សហគ្រាស ក្រុមហ៊ុន សិប្បកម្ម​ជាច្រើន​កន្លែង​ដែល​កំពុងតែ​ដំណើរការ​ចង្វាក់​ផលិតកម្ម​របស់ខ្លួន ចំនួន​ជាង​ពីរ​រយ​កន្លែង ហើយ​ក្នុងនោះ​រួម​ទាំង​ការផលិត​កែច្នៃ​ជលផល​សមុទ្រ​ផងដែរ​។​

​លោក​អភិបាលរង​ខេត្ត​សង្ឃឹមថា បងប្អូន​ប្រជាពលរដ្ឋ​នៅក្នុង​ខេត្ត និង​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ចូលរួម​សប្បាយរីករាយ ជាមួយនឹង​ការប្រគំ​តន្ត្រី ព្រមទាំង​រីករាយ​ក្នុងការ​ទស្សនា​ពិព័រណ៍​នេះ​ផងដែរ ហើយ​ក្រោយពេល​បាន​ទស្សនា ផលិត​ករ អាជីវករ និង​ប្រាស្រ័យ​ទាក់ទង​គ្នា ផ្លាស់ប្តូរ​បទពិសោធន៍​គ្នា​ទៅវិញទៅមក រកឃើញ​នូវ​ចំណុចខ្សោយ ចំណុចខ្លាំង របស់​ខ្លួន​ដើម្បី​កែលម្អ សំដៅ​ធ្វើ​យ៉ាងណា​ឱ្យ​ផលិតផល​របស់​ខ្លួន ផលិត​និង​ធានា​បាន​ទាំង​បរិមាណ និង​គុណភាព និង​មាន​ភាព​ទាក់ទាញ​ដើម្បី​ដណ្តើម​បាន​ទីផ្សារ​កាន់តែ​ធំ​ទូលាយ ក្នុង​គោលដៅ​បង្កើន​ប្រាក់​ចំណេញ​ឱ្យបាន​កាន់តែ​ច្រើនឡើង​៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *