(ខេត្តកែប)៖ ផ្លូវលំក្រាលក្រួសក្រហម០១ខ្សែ មានប្រវែង៣.៦០០ម៉ែត្រ ទទឹង០៤ម៉ែត្រ ស្ថិតក្នុងភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ត្រូវបានធ្វើពិធីបើកសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅរសៀលថ្ងៃព្រហស្បតិ៍ ៦កើត ខែពិសាខ ឆ្នាំ កុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ ២០១៩ ក្រោមអធិបតីភាព លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប អមដំណើរដោយ លោក លោកស្រី ជាអភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពជំវិញខេត្ត គណៈអភិបាលក្រុង កងកម្លាំងប្រដាប់អាវុធទាំងបីអង្កភាព មេភូមិ ចៅសង្កាត់ នឹងបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ក្រោយពីបានស្ដាប់របាយការណ៍ស្វាគមន៍របស់លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរួចមក លោក កែន សត្ថា អភិបាលខេត្ត បានមានប្រសាសន៍ថា៖ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទើបយើងមានថ្ងៃនេះ ផ្លូវនេះកាលពីមុនគឺជាផ្លូវរទេះ ដែលបងប្អូនជួបការលំបាកក្នុងការធ្វើដំណើណាស់ តែពេលនេះយើងមានផ្លូវក្រាលក្រួសក្រហមមួយខ្សែទុកជូនបងប្អុនធ្វើដំណើរបានដោយស្រួល។
លោកអភិបាលខេត្តបានបញ្ជាក់ទៀតថា ពិតមែនតែផ្លូវនេះវាមិនបានចាក់កៅស៊ូ ឬក៏បេតុងក៏ដោយតែវាងាយស្រួលជាងពីមុនដែរ ហេតុនេះហើយសូមបងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវសូមមេត្តាជួយមើលថែរក្សាឲ្យបានស្ថិតស្ថេរ គង់វង្ស យូរអង្វែង ព្រោះវាជាផ្លូវរបស់យើងទាំងអស់គ្នា៕