កោះកុង÷ លោកស្រី មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ បានផ្តល់កិត្តិយសអនុញ្ញាតឱ្យក្រុមការងារមន្ត្រីព័ត៌មានវិទ្យាខេត្ត ជួបរាយការណ៍អំពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈមនានាក្នុងរយៈពេលកន្លងមក។ ក្នុងឱកាសនោះផងដែរ លោកស្រី បានមានប្រសាសន៍ណែនាំដល់ក្រុមការងារ ត្រូវយកចិត្តទុកដាក់ក្នុងការរៀបចំព័ត៌មាន ឱ្យបានរហ័សទាន់ពេលវេលា សមស្របទៅនឹងគោលការណ៍ណែនាំនានា ពិសេសត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់សាធារណជន បានយល់ បានជ្រាបច្បាស់អំពីសកម្មភាពការងារនានារបស់រដ្ឋបាលឃុំ សង្កាត់ រដ្ឋបាលក្រុង ស្រុក និងមន្ទីរ អង្គភាព។
មួយវិញទៀតក្រុមការងារត្រូវពង្រឹងសមត្ថភាពបន្ថែមទៀតដល់មន្ត្រីបង្គោលក្រុង ស្រុក មន្ទីរ អង្គភាព ឱ្យយកចិត្តទុកដាក់ក្នុងការរៀបចំព័ត៌មានរបស់ខ្លួនឱ្យបានល្អប្រសើរបន្ថែមទៀត និងបន្តបណ្តុះបណ្តាលដល់គ្រប់គោលដៅនៅមូលដ្ឋាន។
លោកស្រីអភិបាលខេត្ត បានបន្ថែមថា ទន្ទឹមនេះត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការឆ្លើយតបរាល់សំណូមពរ ដែលសាធារណជនលើកឡើងក្នុងគេហទំព័រ និងហ្វេសប៊ុករដ្ឋបាលខេត្ត ព្រមទាំងបណ្ដាញសង្គមនានា ដែលពាក់ព័ន្ធនឹងខេត្ត ត្រូវរាយការណ៍ជាប្រចាំអំពីសំណើសំណូមពរនានាក្នុងន័យបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យបានទាន់ពេលវេលា និងសមស្របបំផុត និងត្រូវរៀបចំរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស និងឆ្នាំផងដែរ៕