ព័ត៌មានជាតិ

ឯកឧត្តម ជាវ តាយអភិបាលខេត្តដឹកនាំកិច្ចប្រជុំស្ដីពីការ បន្តពង្រឹងនិងជំរុញ ការអនុវត្តបញ្ហាការគ្រប់គ្រង ទុកដាក់សំរាមនិងការសំអាតអនាម័យបរិស្ថានក្រុងកំពតឲ្យបានកាន់តែប្រសើរ

ខេត្តកំពត៖ នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ ២០២០ នៅសាលប្រជុំសាលាខេត្តកំពត ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំស្ដីពីការបន្តពង្រឹង និងជំរុញការអនុវត្តបញ្ហា ការគ្រប់គ្រងប្រមូលទុកដាក់សំរាម និងការសំអាតអនាម័យបរិស្ថានក្រុងកំពតឲ្យបានកាន់តែប្រសើរ។ កិច្ចប្រជុំនេះមានការចូលរួមពី ប្រធានមន្ទីរបរិស្ថានខេត្ត អាជ្ញាធរក្រុងកំពត-ស្រុកទឹកឈូ និង សង្កាត់នៃក្រុងកំពត និងឃុំមួយចំនួននៃស្រុកទឹកឈូជាប់នឹងក្រុងកំពត។

កិច្ចប្រជុំ ក៏មានការចូលរួម មតិយោបល់ ពិភាក្សា លើបញ្ហាប្រឈមនានាដើម្បីរកវិធានការគន្លឹះក្នុងការដោះស្រាយលើការងារគ្រប់គ្រងប្រមូលទុកដាក់សំរាម ក៏ដូចបញ្ហាការសំអាតអានាម័យបរិស្ថានក្រុងកំពតឱ្យឆ្លើយតបទៅនឹងភាពទាក់ទាញនិងការធានាបាននូវសុខមាលភាពសាធារណៈឲ្យបានកាន់តែល្អប្រសើរថែមទៀតនៅក្នុងក្រុងកំពត ។

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំឯកឧត្តម ជាវ តាយអភិបាលខេត្ត បានលើកបញ្ជាក់ថា បញ្ហាការប្រមូលទុកដាក់សំរាមក៏ដូចបញ្ហា សំអាតអនាម័យបរិស្ថានក្រុងគឺជាបញ្ហាមួយដែលអាជ្ញាធរគ្រប់ថ្នាក់ក្នុងមូលដ្ឋាន និងមន្ទីរជំនាញពាក់ព័ន្ធ ត្រូវតែមានការប្ដេជ្ញាចិត្ត រួមសហការគ្នាជាប្រចាំ ក្នុងការពង្រឹងនិងជំរុញការអនុវត្តអោយបានព្រមគ្នា ដើម្បីធ្វើឲ្យទីក្រុងប្រកបដោយភាពស្រស់បំព្រងនិងធានាបាននូវ សុខមាលភាពសាធារណៈបានល្អប្រសើរជូនពលរដ្ឋ។

ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំជំរុញផ្ដាំផ្ញើដល់ មន្ទីរជំនាញ អង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ក្រុង ស្រុក ឃុំ-សង្កាត់ បន្តយកចិត្តទុកដាក់អោយបានសកម្មថែមទៀត ព្រមទាំងឱ្យមានការអប់រំផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានរបស់ខ្លួន បានយល់ដឹង បញ្ហាសំរាមនេះនិងចូលរួមប្រមូលទុកដាក់សំរាម ក្នុងទីកន្លែងប្រកបដោយសុវត្ថិភាព ពិសេសការចូលរួមអនុវត្តន៏តាមអនុក្រិត្យលេខ១១៣ អ.ន.ក្រ ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០១៥ របស់រាជរដ្ឋាភិបាលស្ដីពីការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន ក៏ដូចជាការពង្រឹងនៃការប្រមូលសំរាម នៅក្នុងក្រុងកំពតឲ្យមានប្រសិទ្ធភាព ប្រកបដោយនិរន្តរភាពបន្ថែមទៀតនោះ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *