ព័ត៌មានជាតិ

ឯកឧត្តម​ ស​ សុខា​ អំពាវនាវសុំឲ្យអ្នកពាក់ព័ន្ធទាំងអស់ចូលរួមបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀន​ អេដស៍​ និងសុវត្ថិភាពចរាចរណ៍ ដេីម្បីអនាគតយេីងទាំងអស់គ្នា

ភ្នំពេញ៖ ថ្ងៃ​ទី២១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ ក្រោមកិច្ចសហការជាមួយក្រសួងអប់រំ​ យុវជន​ និងកីឡា​ អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ នៅមន្ទីរអប់រំ​ យុវជន​ និងកីឡា​ខេត្តបន្ទាយមានជ័យ​ មានបេីកវគ្គផ្សព្វផ្សាយពីគ្រោះថ្នាក់នៃគ្រឿងញៀន និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក​ក្រោមអធិបតី​ភាពឯកឧត្តម​ ស​ សុខា​ រដ្ឋលេខាធិការ​ តំណាងឯកឧត្តម​ បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ រដ្ឋមន្រ្តី​ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ ដោយមានការអញ្ជេីញចូលរួមពីលោកជំទាវបណ្ឌិត​ សឿ​ សុជាតា​ អនុរដ្ឋលេខាធិការ​ ឧត្តមសេនីយ៍ទោ​ លឹម​ តុងហួត​ ប្រធាននាយកដ្ឋាននីតិកម្ម​ អប់រំ​ និងស្តារនីតិសម្បទា​ អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ ឯកឧត្តម​ លី​ សារី​អភិបាលរង​ តំណាងគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត​ តំណាងក្រុមប្រឹក្សាយុវជន​ យុវជនកាយរិទ្ធ​ ​កាកបាទក្រហម​ សរុបជិត៣០០នាក់។

លោក​ ឈូ​ ប៊ុនរឿង​ ប្រធានមន្ទីរ​ អប់រំ​ យុវជន​ និងកីឡាខេត្ត​ បានស្វាគមន៍​និងបានជម្រាបជូនពីកិច្ចខិតខំអនុវត្តនូវផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់តាមសាលារៀន​ បំផុសឲ្យមានការចូលរួមរបស់សិស្សានុសិស្ស​ លោកគ្រូអ្នកគ្រូ​ បុគ្គលិក​សិក្សា​ កាន់តែសកម្មផុសផុសបង្ការទប់ស្កាត់ប្រឆាំងគ្រឿងញៀន។

ថ្លែងក្នុងនាមឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាលខេត្តឯកឧត្តម​ លី​ សារី​ អភិបាលរង​តំណាងគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត​បានមានប្រសាសន៍ថា​ ខេត្តបន្ទាយមានជ័យ​​មិនជាទីតាំងផលិត​ ដាំដុះ​ ចរាចរណ៍​គ្រឿងញៀនឡេីយ​ តែជាខេត្តទទួលរងគ្រោះពីការលាក់លួចចែកចាយប្រេីប្រាស់ដែលសមត្ថកិច្ចនិងអ្នកពាក់ព័ន្ធទាំងអស់ខិតខំបង្ការ​ បង្រ្កាប​ បទល្មេីសគ្រឿងញៀននិងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន។

ក្នុងនាមឯកឧត្តម​ នាយឧត្តមសេនីយ៍​ មាស​ វិរិទ្ធ​ អគ្គលេខាធិការ​ ឧត្ដមសេនីយ៍​ទោ​ លឹម​ តុងហួត​ បានមានប្រសាសន៍ថា​ កាប្រេីគ្រឿងញៀនគឺបំពានច្បាប់​ សម្លាប់គ្រួសារ​ ប្រហារសហគមន៍​ ការចូលរួមបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀនគឺជាភារកិច្ចរួមរបស់យេីងទាំងអស់គ្នា​ ការស្វែងយល់ដឹងច្បាស់ពីបញ្ហាគ្រឿងញៀន​ជួយផ្សព្វផ្សាយបន្តទៅមិត្តភក្តិនិងមនុស្សជាទីស្រលាញ់ពីគ្រោះថ្នាក់នៃគ្រឿងញៀនពិតជាអាចជួយពួកគេកុំឲ្យធ្លាក់ទៅក្នុងអន្ទាក់នៃគ្រឿងញៀន​ កាត់បន្ថយបានអំពេីហិង្សា​ និងឧក្រិដ្ឋកម្ម​ សហគមន៍មានសុវត្ថិភាព។

ក្នុងនាមឯកឧត្តម​បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ រដ្ឋមន្រ្តី​ ឯកឧត្តម​ ស​ សុខា​ រដ្ឋលេខាធិការ​ បានមានអំពាវនាវសុំឲ្យអ្នកពាក់ព័ន្ធទាំងអស់ចូលរួមបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀន​ អេដស៍​ និងសុវត្ថិភាពចរាចរណ៍​ដេីម្បីអនាគតយេីងទាំងអស់គ្នា​ និងបានសំណូមពរដល់:
១. មន្ទីរអប់រំ យុវជន និងកីឡា ខេត្ត ពិនិត្យលទ្ធភាពរៀបចំចងក្រងយន្តការគ្រប់គ្រង ព័ត៌មានទាន់ហេតុការណ៍ និងរបាយការណ៍ទាន់ពេលវេលា នៅគ្រប់កម្រិតរដ្ឋបាលគ្រប់គ្រង រួមមាន ក្រុមការងារនៅថ្នាក់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ក្រុមការងារនៅតាមការិយាល័យអប់រំ យុវជន និងកីឡា ក្រុង/ស្រុក និងក្រុមការងារនៅតាមគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន។
​២. គ្រប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ពង្រឹងចលនាក្រុមប្រឹក្សាកុមារ/យុវជន ជាចលករសម្រាប់ការងារផ្សព្វផ្សាយ អប់រំបន្តនៅក្នុងក្រុម គ្រឹះស្ថានសិក្សា និងតាមសហគមន៍ ពីគ្រោះថ្នាក់បង្ករដោយការប្រើប្រាស់គ្រឿងញៀន និងការអប់រំពីការគោរពច្បាប់ចរាចរណ៍។
​៣.ជំរុញនិងលើកកម្ពស់ចលនាអប់រំកាយជាប្រចាំ និងកីឡាសិស្ស/យុវជន ដោយមិនទុកអ្នកណាម្នាក់នៅក្រោយ ដើម្បីការអភិវឌ្ឍវិន័យ និងសុខភាពល្អ។
​៤. ពង្រឹងការត្រួតពិនិត្យជាប្រចាំការលើកកម្ពស់បរិស្ថានល្អនៅតាមគ្រឹះស្ថានសិក្សា ថ្នាក់រៀន និងធានាឱ្យបានបំរាមលក់ដូរ និងនាំចូលចំណីអាហារដែលបង្ករបញ្ហាដល់សុខភាពកុមារ/យុវជន។
​៥. ជំរុញបន្តការចូលរួមគ្រប់គ្រឹះស្ថានសិក្សាឱ្យមានភាពគគ្រឹកគគ្រេង ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន២៦ ខែមិថុនា និងទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *