លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា គ្រាន់តែចំណូលពន្ធគយនៅក្នុងឆ្នាំ២០១៩នេះ អាចឡើងដល់៨០០លានដុល្លារ លើសពីចំនួនផែនការ ដូច្នេះចំនួននេះគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការក្នុងការបើកបើកប្រាក់ខែឲ្យបុគ្គលិករដ្ឋ ដែលមានមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធ «អគារឥន្ទ្រទេវី» របស់រាជបណ្ឌិត្យសភាកម្ពុជា នៅក្នុងរាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់សារជាថ្មីថា ក្នុងនាមជាអ្នកដឹកនាំ គឺលោកតែងមានការយកចិត្តទុកដាក់ខ្ពស់លើការចំណូលនិងចំណាយសម្រាប់ជាតិ ពោលគឺលោកថ្លែងថា ត្រូវចាយ ៨ សន្សំ ២ ដើម្បីកម្ពុជាមានប្រាក់សម្រាប់វិនិយោគខ្លួនឯងក្នុងការកសាងជាតិ៕