ខេត្តក្រចេះ៖ ដើម្បីឆ្លើយតបទៅនឹងការប្រយុទ្ធប្រឆាំនិងជំងឺកូវីដ-១៩ តាមរយៈការផ្តល់ការគាំពារដល់ការរក្សាលំនឹង ជីវភាពប្រជាពលរដ្ឋក្រីក្រ និងប្រជាពលរដ្ឋងាយរងគ្រោះបំផុត នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ ក្រសួងផែនការនិងរដ្ឋបាលខេត្តក្រចេះ បើកវគ្គបណ្តុះបណ្តល ស្តីពីនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្រោមអធីបតីភាពឯឧត្តម ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកដ្ឋានផែនការ និង លោក ប៉ែន លីណាត អភិបាលរងខេត្តក្រចេះ និងការចូលរួមពីមន្ត្រីនៃមន្ទីរផែនការចំនួន០៧ខេត្ត រួមមាន ខេត្តក្រចេះ ស្ទឹងត្រែង រតនះគិរី មណ្ឌលគិរី ត្បូងឃ្មុំ ស្វាយរៀង ព្រៃវែង ។
ក្នុងវគ្គបណ្តុះបណ្តាល លោក ប៉ែន លីណាត អភិបាលរងខេត្ត បានលើកឡើងថា ៖ សម្រាប់ខេត្តក្រចេះ ក្នុងអំឡុងពេលផ្ទុះនូវជម្ងឺកូវីដ-១៩ ចំនួនអ្នកចូលស្រុកឬខេត្តក្រចេះ មាន៩០០នាក់ ក្នុងនោះមាន៤០០ នាក់ ជាពលករ កម្មករ មកពីប្រទេសថៃ ក្នុងនោះដែរអាជ្ញាធរជំនាញបានធ្វើចត្តាឡីសក័នៅផ្ទះ និងតាមមណ្ឌលនីមួយៗ ។
លោកបន្តថា ៖ ខេត្តក្រចេះមិនមានអ្នកកើតជំងឺកូវីដ-១៩ឡើយ ដោយមានការសហការពីពួកគាត់ និងគ្រប់អាជ្ញាធរពាក់ព័ន្ធ រួមនិងអាជីវករ អនុវត្តតាមវិធានការពារអប់រំណែនាំ និងផ្សព្វផ្សាយតាមគ្រប់មូលដ្ឋានប្រកបដោយប្រសិទ្ធភាព ។
ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាមានប្រសាសន៍ថា ៖ ដោយសារចាប់ផ្តើមពីដើមឆ្នាំ២០២០នេះ ប្រទេសស្ទើរតែទាំងអស់ទូទាំងពិភពលោក រួមទាំងកម្ពុជាយើងផង កំពុងរងផលប៉ះពាល់ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ហើយរាជរដ្ឋាភិបាលកម្ពុជាកំពុងពិនិត្យផ្តល់អន្តរាគមន៍បន្ទាន់ផ្ទាល់ដល់ប្រជាជនកម្ពុជាទាំងអស់ដែលរងផលប៉ះពាល់នេះ ដោយប្រើប្រាស់ទិន្នន័យគ្រួសារក្រីក្ររបស់ក្រសួងផែនការ ជាពិសេសគ្រួសារក្រីក្រ និងគ្រួសារទទួលរងប៉ះពាល់ខ្លាំងជាងគេ ។ ដើម្បីជួយសម្រួលជីវភាពរបស់ប្រជាជន និងកាត់បន្ថយផលប៉ពាល់ដោយសារការរីករាល ដាលជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានសម្រេចជួយឧបត្ថម្ភជាសាច់ប្រាក់ជូនគ្រួសារក្រីក្រ ដែលមានបណ្ណសមធម៌រួចហើយ និងគ្រួសារក្រីក្រខ្លះដែលអវត្តមានតាមជុំនៃការប្រមូលទិន្នន័យ និងគ្រួសារខ្លះទៀតទើបទទួលរងផលប៉ះពាល់បាត់បង់ចំណូលធ្លាក់ខ្លួនក្រីដោយជំងឺកូវីត-១៩ ។
ក្នុងនោះដែរតម្រូវឲ្យមន្រ្តីដែលមានសមត្ថភាព និងលះបង់ពេលវេលាសម្រាប់ធ្វើជាគ្រូបង្គោល និងទទួលខុសត្រូវនៅតាមស្រុក និងឃុំសង្កាត់ ដើម្បីដោះស្រាយបញ្ហានានាដែលកើតឡើងនៅពេលអនុវត្តការងារ-ត្រូវជ្រើសរើសអ្នកមានជំនាញ IT ១ឬ ២នាក់ ដើម្បីដោះស្រាយបញ្ហាបច្ចេកទេសនៅពេលតាប្លេតមានបញ្ហា-ត្រូវមានកម្មវិធីការងារ និងបែងចែកការទទួលខុសត្រូវច្បាស់លាស់-ត្រូវចុះតាមដានជាប្រចាំ និង ណែនាំដល់មន្រ្តីរបស់ខ្លួន និងឃុំសង្កាត់ ដូចជា ចុះពិនិត្យមើលការដាក់សំណើរសម្ភាសន៍ និងការជ្រើសរើសមុខសញ្ញាដែលត្រូវសម្ភាសន៍ឱ្យបានច្បាស់លាស់-ត្រូវពិនិត្យឱ្យបានច្បាស់លាស់នូវទិន្នន័យជនងាយរងគ្រោះ ផ្ទុកមេរោគអេដស៍ ពិការភាព ចាស់ជរា និង កុមារ ជាពិសេសទិន្នន័យក្រុមអាយុ នៅពេលធ្វើសម្ភាសន៍ និងអំឡុងពេលអនុវត្តការងារ ចាំត្រូវរាយការណ៍ពីវឌ្ឍនភាពនៅម៉ោង១៧៖០០ ជារៀងរាល់ថ្ងៃតាមក្រុមតេឡេក្រាម OD-IDPoor-Covid-19។