ខេត្តស្វាយរៀង៖ នារសៀលថ្ងៃសុក្រ១២រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ នៅសាលប្រជុំនន្ទី អគារ ខ សាលាខេត្ត មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងទិសដៅការងារខែវិច្ចិកា ឆ្នាំ២០១៩ របស់រដ្ឋបាលខេត្ត ក្រោមអធិបតីភាពឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានសាលាដំបូងខេត្ត លោកព្រះរាជអាជ្ញារង លោកសាកលវិទ្យាធិការរងសាកលវិទ្យាល័យស្វាយរៀង លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិសឹករងស្វាយរៀង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង ស្រុក លោក លោកស្រីនាយកទីចាត់ការ/ប្រធានអង្គភាពចំណុះសាលាខេត្ត ប្រធានច្រកទ្វារព្រំដែន និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងអំណរគុណ និងកោតសរសើរចំពោះលោក លោកស្រីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្តស្វាយរៀង ដែលបានសហការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនក្នុងការផ្តល់សេវា ការរក្សាបាននូវ សន្ដិសុខ សុវត្ថិភាព ជូនដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសការអនុវត្តតួនាទីភារកិច្ចក្នុងការរៀបចំពិធីប្រណាំងទូកនៅទន្លេវ៉ៃគោដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩នេះ និងអរគុណចំពោះសប្បុរសជននានាដែលបានបរិច្ចាគថវិកាមកដល់ការរៀបចំពិធីប្រណាំងទូកនៅទន្លេវ៉ៃគោខេត្តស្វាយរៀងក្នុងឆ្នាំនេះ។