ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ចាម ប្តេជ្ញាចូលរួមគាំទ្រ និងអនុវត្តនូវគោលការណ៍ប្រយុទ្ឋប្រឆាំងនឹងជម្ងឺអេដស៍

ខេត្តកំពង់ចាម៖ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ លោក អៀង មូលី ទេសរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មេរោគអេដស៍ជាពហុវិស័យ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពីការឆ្លើយតបនឹងជំងឺអេដស៍ ដែលធ្វើឡើងនៅមន្ទីរសុខាភិបាលខេត្តកំពង់ចាម។

សិក្ខាសាលា នេះមានគោលបំណងពិនិត្យតាមដានវឌ្ឍនភាពនៃការងារប្រយុទ្ធនឹងជំងឺអេដស៍ មេរោគអេដស៍នៅទូទាំងកំពង់ចាម ដើម្បីធ្វើការពិនិត្យ វាយតម្លៃ និងចាត់វិធានការបន្តដើម្បីឱ្យសម្រេចបាននូវគោលដៅសូន្យបីនាឆ្នាំ២០២៥ ពោលគឺគ្មានការឆ្លងជំងឺអេដស៍ថ្មី គ្មានការរើសអើងចំពោះអ្នកកើត និងអ្មកផ្ទុកមេរោគអេដស៍ គ្មានការស្លាប់នៃអ្នកកើតជំងឺអេដស៍ដោយគ្មានការព្យាបាល។

លោក ហាន កុសល អភិបាលរងខេត្តកំពង់ចាម បានលើកឡើងថា ក្នុងនាមរដ្ឋបាលខេត្តកំពង់ចាម សូមប្តេជ្ញាចូលរួមគាំទ្រ និងអនុវត្តនូវគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ព្រមទាំងក្រសួងពាក់ព័ន្ធឱ្យបានល្អ ដើម្បីប្តូរយកនូវសុខុមាលភាពដ៏ល្អសម្រាប់ប្រជាពលរដ្ឋ និងគ្រប់សហគមន៍ទូទាំងខេត្តកំពង់ចាម។

ក្រោយពីចប់សិក្ខាសាលាលោក អៀង មូលី លោក ហាន កុសល អភិបាលរងខេត្ត លោក ប៉ុង យ៉េន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម និងថ្នាក់ដឹកនាំមន្ទីរសុខាភិបាល និងមន្ទីរអង្គភាពពាក់ព័ន្ធបានចែកជូនអំណោយដល់អ្នកផ្ទុក និងអ្នកកើតជំងឺអេដស៍ចំនួន៤០នាក់ និងបានផ្តែផ្តាំការសាកសួរសុខទុក្ខពីលោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងបានលើកទឹកចិត្តដល់បងប្អូនឱ្យមកទទួលសេវាព្យាបាលទៀងទាត់ពេលវេលា ហើយខិតខំរៀនសូត្រ និងប្រកបរបររកស៊ីតាមធម្មតាដោយមិនត្រូវខ្វល់ខ្វាយអ្វីឡើយ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *