ខេត្តកណ្តាល,, នាព្រឹកថ្ងៃអាទិត្យ ១កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន ៥០០ នាក់ បានធ្វើការចុះអប់រំផ្សព្វផ្សាយវិធានការការពារទប់ស្កាត់ជំងឺកូវីដ-១៩ អប់រំសុខភាព សង្គ្រោះបឋម អំណោយជាឱសថ និងជួយពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋប្រមាណ ៥,០០០នាក់ ដោយឥតគិតថ្លៃ ស្ថិតនៅបរិវេណវិទ្យាល័យ ហ៊ុនសែន ស្អាង ក្នុងភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។
សមាសភាពដែលបានអញ្ជើញចូលរួមនាឱកាសនេះរួមមាន ៖ ឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានប្រតិបត្តិក្រុមការងារស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី, ឯកឧត្តមបណ្ឌិត ចែម វិឌ្យ៉ា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្អាង, ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្អាង, ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត, អភិបាលរង នៃគណៈអភិបាលខេត្ត, ឧត្តមសេនីយ៍មេបញ្ជាការកងកម្លាំងទាំងបីរបស់ខេត្ត, ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់, ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី, និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្តាល, ក្រុមកាយរិទ្ធ, យុវជនកាកបាទក្រហមកម្ពុជាខេត្តកណ្តាល និងបងប្អូនប្រជាពលរដ្ឋ ប្រមាណ ៥,០០០ នាក់។
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧នៃរដ្ឋសភាជាតិ និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត បុគ្គលិកសុខាភិបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងមានសមត្ថកិច្ច ដែលបាន លះបង់កម្លាំងកាយ ចិត្ត និងពេលវេលា ក្នុងការចុះអប់រំផ្សព្វផ្សាយវិធានការការពារទប់ស្កាត់ជំងឺកូវីដ-១៩ អប់រំសុខភាព សង្គ្រោះបឋម អំណោយជាឱសថ ព្រមទាំងយុទ្ធនាការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងជួយពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានដោយឥតគិតថ្លៃ ពិសេសដល់ប្រជាពលរដ្ឋក្នុងខេត្តកណ្តាល ដែលគិតមកទល់ពេលនេះ គឺមានចំនួន១១លើករួចមកហើយ និងមានប្រជាពលរដ្ឋទទួលបានផលចំនួន ៧៦,៩២៨នាក់។
នេះជាការចូលរួមចំណែកក្នុងការបំពេញបេសកកម្មការងារប្រកបដោយឆន្ទៈដ៏ស្រួចស្រាល់ និងបង្ហាញពីស្មារតីផូរផង់សម្រាប់ជាគំរូដល់យុវជនជំនាន់ក្រោយក្នុងការអភិវឌ្ឍប្រទេសជាតិ នៅក្នុងបុព្វហេតុនានា ពិសេសក្នុងវិស័យសុខាភិបាល ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។