កំពង់ចាម ៖ ក្នុងដំណើរឆ្ពោះទៅចូលរួមការរៀបចំប្រារព្ធព្រះរាជពិធីរុក្ខទិវា និងទទួលស្វាគមន៍ព្រះរាជវត្តមានដ៏ថ្លៃថ្លារបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះនឹងយាងចូលរួមជាព្រះរាជអធិបតីក្នុងពិធីរុក្ខទិវា ៩ កក្កដា នៅភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ នាព្រឹកថ្ងៃចន្ទ ៧កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកគណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និង០៣ឃុំនៃស្រុកជើងព្រៃ ខេត្តកំពង់ចាម រួមជាមួយ ឯកឧត្តម លន់ លឹមថៃ តំណាងរាស្ត្រមណ្ឌលកំពង់ចាម និងសហការីបានអញ្ជើញមកជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងប្រគល់ផ្ទះសប្បុរសធម៌ទី០៥ ដែលជាជំនួយឧបត្ថម្ភរបស់ឯកឧត្តមប្រធាន និងសប្បុរសជនជូនលោកយាយ វ៉ា អេង ព្រះជន្ម៨៥ឆ្នាំ នៅភូមិគគរ១ ឃុំគគរ ស្រុកកំពង់សៀម ដែលបានជួបប្រទះការលំបាកជីវភាព ខ្វះទីជម្រកស្នាក់នៅ និងគ្មានទីពឹង។
នៅក្នុងឱកាសដ៏មានអត្ថន័យនាព្រឹកនេះ ឯកឧត្តមប្រធានក៏បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់ សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជានូវសម្ភារប្រើប្រាស់ គ្រឿងបរិភោគ និងថវិកាមួយចំនួនជូនដល់ប្រជាជនចំនួន១១គ្រួសារ រស់នៅ ក្នុងភូមិដែលកំពុងជួបភាពខ្វះខាត។
ទន្ទឹមនឹងនេះ ឯកឧត្តមប្រធាន និងសហការីបានហូបនំបញ្ចុកសាមគ្គីសម្តេចតេជោ ជាមួយប្រជាពលរដ្ឋយ៉ាងស្និទ្ធស្នាលផងដែរ ៕