(ខេត្តកំពត) ៖ ការរយល់ដឹងផ្នែកអនាម័យ បរិស្ថានរបស់ប្រជាពលរដ្ឋទូទាំងតំបន់ហាក់ដូចជានៅមានកម្រិតនៅឡើយ ខណៈដែលការបញ្ជ្រាបបាន និងកំពុងបន្តអនុវត្តជាបន្តបន្ទាប់ដូចភ្លៀងលឹម ដោយគេសង្ឃឹមថា អំណើសតទៅការសន្តោសប្រណីចំពោះអ្នកដែលតែងតែលួចប្លុងសំរាមនិងកាកសំណល់ពាសវាលពាសកាលដូចក្នុងរូបភាពនេះ នឹងរងការផាកពិន័យដោយពុំមានក្តីយោគយល់បានឡើយ។
នេះជាការក្រើនរំឭកមួយ ដែលស្ថាប័នពាក់ព័ន្ធតែងតែលើកទៅអនុវត្ត ក្នុងពិធីផ្សព្វផ្សាយទាក់ទិននឹងការធ្វើអនាម័យសម្អាតបរិស្ថាននាពេលកន្លងមក ប៉ុន្តែប្រធានបទខាងលើហាក់ដូចជាពុំបានទទួលលទ្ធផលជាវិជ្ជមាននោះឡើយ ហើយប្រសិនបើគោលការណ៍នេះត្រូវបានសាធារណជនអនុវត្តតាមនោះ ប្រហែលជានៅតាមដងផ្លូវសាធារណៈនានា គ្មានសំរាមនិងកាកសំណល់បោះចោលរប៉ាត់រប៉ាយបែបនេះឡើយ។
យ៉ាងណាមិញ គេពិតជាដឹងថាកន្លងមក ក្រសួងបរិស្ថាន ក៏ដូចជាថ្នាក់ដឹកនាំខេត្តកំពតមានការយកចិត្តទុកដាក់បំផុតអំពីបញ្ហាបំពុលបរិស្ថានដោយសារសំរាម និងកាកសំណល់រាវរឹង ប៉ុន្តែការយល់ដឹងរបស់ប្រជាពលរដ្ឋហាក់នៅមានកម្រិតនៅឡើយ ហើយការបោះចោល ឬប្លង់នូវការ៉ុងច្រកកាកសំណល់ផ្សេងៗត្រូវបានប្រជាពលរដ្ឋដែលភាគច្រើនរស់នៅតាមទីប្រជុំជន បានលួចដឹកតាមរថយន្តឬម៉ូតូយកទៅទម្លាក់ចោលនៅតាមដងផ្លូវនៅវេលាយប់ស្ងាត់ដែលពុំមានអាជ្ញាធរ សមត្ថកិច្ចមើលឃើញ។
ម្លោះហើយកិច្ចការពារ ថែរក្សាបរិស្ថាន ក៏ដូចជាការគ្រប់គ្រងសំរាមនៅតាមតំបន់នានាក៏ជាបន្ទុក និងភារកិច្ចរបស់មន្ត្រីមូលដ្ឋាននីមួយៗដែលថ្នាក់ខេត្តបានផ្ទេរជូនរយៈពេលជិតពីរឆ្នាំកន្លងមកហើយដែរ។
យោងតាមការលើកឡើងពីសំណាក់មន្ត្រីរាជការក្នុងស្រុកកំពង់ត្រាចម្នាក់បានបញ្ជាក់ប្រាប់នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩នេះថា កន្លងមក ក៏ដូចជាពេលបច្ចុប្បន្ន មន្ត្រីជំនាញបានសហការជាមួយអាជ្ញាធរមូលដ្ឋានថែមទាំងបានបញ្ជ្រាប និងកំពុងបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទូទាំងស្រុក ឲ្យយកចិត្តទុកដាក់ លើបញ្ហាសោភ័ណភាព អនាម័យ ព្រមទាំងផ្នែកបរិស្ថាន ដោយបានដាក់គោលការណ៍ចាប់ពីពេលនេះតទៅ ក្នុងករណីដែលមានជនខិលខូចនៅតែបន្តបោះចោលសំរាមពាសវាលពាសកាលក្រោយទទួលបានការអប់រំម្តងជាពីរដងរួចមក នោះអាជ្ញាធរនឹងចាត់ការផាកពិន័យតាមនីតិវិធីដោយមិនលើកលែងឡើយ។
មន្ត្រីដដែលបានបញ្ជាក់ទៀតថា ប្រភពចម្បង នៃគំនរសំរាមតាមតំបន់នីមួយៗតែងកើតចេញពីសកម្មភាពអាជីវកម្មនៅក្បែរតំបន់នោះដោយ អាជីវករមួយចំនួនមិនបានទុកដាក់ក្នុងធុងត្រឹមត្រូវ ហើយឆ្លៀតឱកាសដឹកយកមកចាក់ចោលតាមទីសាធារណៈ ពិសេសតាមដងផ្លូវជាតិតែម្តង។ ចំពោះគំនរសំរាមដែលកើតមានក្នុងភូមិសាស្ត្រស្រុកកំពង់ត្រាចនេះ ភាគច្រើននាំមកពីទីប្រជុំជនផ្សារកំពង់ត្រាច ដែលអាជីវករខ្លះបានដឹកមកលបលួចចាក់ពេលយប់ ស្របពេលកម្លាំងមូលដ្ឋានមិនទាន់មានគ្រប់គ្រាន់ក្នុងការឃ្លាំចាំមើលនោះ។ ជាធម្មតា អ្នកសម្អាតមិនត្រឹមតែហត់ទេ គឺថែមទាំងខឹងសម្បារចំពោះក្រុមអ្នកយកសំរាមមកចោលនេះទៀតផង។
ចំពោះករណីមានសំរាម និងកាកសំណល់គ្រប់ប្រភេទដែលគេជញ្ជូនទៅស្តុកទុកនៅ ចិញ្ចើមផ្លូវយ៉ាងច្រើនបែបនេះ ពិតជាបានបំពុលបរិស្ថាន និងជះក្លិនស្អុយសាយភាយពេញបន្ទុក ធ្វើឱ្យមហាជននាំគ្នារិះគន់មកលើអាជ្ញាធរ និងជំនាញ ហាក់គ្មានវិធានការទប់ស្កាត់ចំពោះបុគ្គលមួយក្តាប់តូចដែលតែងតែលួចយកសំរាមទៅប្លុងចោលនៅពេលយប់អធ្រាត៕